ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសរុបចំនួន១១៣រូប ដើម្បីពិនិត្យលើរបៀបវារៈចំនួន៣ រួមមាន៖
១.ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧ ក្នុងនោះ មានបេក្ខភាព៤រូប គឺលោក សុខ ឥសាន, លោក ហេង ហាលីម,លោក អ៊ា ឃីម៉េង និង លោក ឌី ទេពកោសល្យ។
២.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល
៣. សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។