បាល់ទាត់៖ សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសំរេចដាក់ពិន័យអង់គ្លេស បន្ទាប់ពីមានភ្លើងឡាស៊ែបាញ់ចំមុខអ្នកចាំទីដាណឺម៉ាក Kasper Schmeichel ពេលបាល់ពិន័យ ១១ម៉ែត្ររបស់ Harry Kane។ រូបភាពតាមទូរទស្សន៍បានបង្ហាញច្បាស់ក្រឡែត ពីពន្លឺភ្លើងឡាស៊ែពណ៌បៃតងបាញ់ចំមុខរបស់អ្នកចាំទី Leicester City រូបនេះ មុនពេល Harry Kane ស៊ុតបាល់ ១១ម៉ែត្រ។

Kasper Schmeichel សង្គ្រោះបាល់ ១១ម៉ែត្រក្នុងម៉ោងបន្ថែម ១៥នាទី ២ដងនេះបានតែ Harry Kane ស៊ុតបន្ថែមឱ្យអង់គ្លេសយកឈ្នះដាណឺម៉ាក ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រ Euro លើកដំបូង។ ក្រៅពីការពិន័យពាក់ព័ន្ធរឿងភ្លើងឡាស៊ែនេះ អង់គ្លេសក៏ត្រូវបាន UEFA ពិន័យពីការរំខានពេលគោរពភ្លេងជាតិដាណឺម៉ាក និងការប្រើប្រាស់កាំជ្រួចពីអ្នកគាំទ្រផងដែរ។ នៅពេលនេះ UEFA និង FA អង់គ្លេសក៏បានស្វែងរកបុគ្គល ដែលប្រើប្រាស់ភ្លើងឡាស៊ែរំខាននោះផងដែរ៕
អត្ថបទ៖នាង សុភាវុធ