កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ជកោនបានបញ្ជាក់សម្ដីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន(Lloyd Austin)បន្ទាប់ពីលោកបាននិយាយថា មានស្ត្រី និងកុមារជាង២៥.០០០នាក់ បានស្លាប់ ដោយសារសង្រ្គាមអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា។

ការបញ្ជាក់នេះ ទំនងជាលើកដំបូងដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ជាសាធារណៈពីទិន្នន័យ ពាក់ព័ន្ធនឹងការស្លាប់ក្នុងតំបន់ហ្កាហ្សា ប៉ុន្តែ ក្រោយមកមន្ទីរបញ្ចកោនបាននិយាយថា ចំនួនដែលត្រូវបានដកស្រង់ដោយលោកអូស្ទីន គឺជាការប៉ាន់ប្រមាណ របស់ក្រុមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ុណ្ណោះ។

នៅឯសវនាការគណៈកម្មការសេវាប្រដាប់អាវុធសភា លោក អូស្ទីន ត្រូវបានសួរថាតើស្ត្រីនិងកុមារ ប៉ុន្មាននាក់បានស្លាប់ ដោយសារសង្គ្រាមអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ខែតុលាមក។
ប្រមុខការពារជាតិអាមេរិករូបនេះ បាននិយាយថា មានជាង២៥.០០០នាក់ ។
ប៉ុន្មានម៉ោងក្រោយមក មន្ទីរបញ្ចកោនបាននិយាយថា លោកអូស្ទីន បានដកស្រង់ចំនួន នេះពីក្រុមហាម៉ាសទេ ហើយថា អាមេរិក ពុំបានបន្តតាមដានចំនួនអ្នកស្លាប់របស់តំបន់ហ្កាហ្សាទេ៕