អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងថា ការសម្លាប់មនុស្សជាង ១០០នាក់ ដែលកំពុងស្វែងរកជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា គឺជាស្ថានភាពមួយ ដែលតម្រូវឲ្យមានការស៊ើបអង្កេតឯករាជ្យនិងប្រកបដោយប្រសិទ្ធភាព។

ថ្លែងនៅក្នុងទីក្រុងស៊ីតវីនសិន ( St. Vincent) និងទីក្រុងហ្គ្រែនណាឌី (Grenadines) មុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់ លោកហ្គុយតឺរេស បានបញ្ជាក់ថា លោកមានការ «តក់ស្លុត» ចំពោះដំណាក់កាលចុងក្រោយក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ដែលអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ជនស៊ីវិលជាង ៣០.000នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។

ឆ្លើយតបទៅនឹងសំណួរស្តីពីការបរាជ័យនៃសេចក្តីសម្រេចថ្មីៗរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការស្វះស្វែងរកបទឈប់បាញ់ លោកហ្គុយតឺរេស បាននិយាយថា ការបែងចែកភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ «បានផ្លាស់ប្តូរអំណាចវេតូទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការធ្វើឲ្យសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខមិនដំណើរការ»។
លោកអគ្គលេខាធិការ បាននិយាយទៀតថា៖«ខ្ញុំជឿជាក់ទាំងស្រុងថា យើងត្រូវការបទឈប់បាញ់មនុស្សធម៌ ហើយយើងត្រូវការការដោះលែងចំណាប់ថ្នូរដោយគ្មានលក្ខខណ្ឌ និងជាបន្ទាន់ ហើយថា យើងគួរតែមានក្រុមប្រឹក្សាសន្តិសុខដែលអាចសម្រេចបាននូវគោលបំណងទាំងអស់នេះ»។