ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១ ខែមីនានេះ បានចេញសេចក្ដីអំពាវនាវដល់មហាជនទូទៅ ជនរួមជាតិដែលនិយមប្រើប្រាស់បណ្តាញសង្គមផ្សេងៗ ដូចជាហេ្វសបុក Facebook TikTok Telegram ជាដើម។ ខណៈមួយរយៈនេះមានសកម្មភាពការបំផុសបំផុលព័ត៌មានក្នុងបណ្តាញសង្គមជាច្រើនករណីដូចជា ករណីអេស្តាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែការពារដីខ្លួន ជាដើមដែលក្រុមប្រឆាំងជ្រុលនិយមបានយកករណីនេះ បំផុសបំផុស បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គមក្នុងគោលដៅកេងចំណេញផលប្រយោជន៍នយោបាយ និងធ្វើឱ្យអស្ថិរភាពនៅក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ។

ក្រុមយុវជនសង្គមស៊ីវិលសង្កេតឃើញថា ជាការពិតជាក់ស្ដែង ករណីនេះរដ្ឋបាលខេត្តកោះកុង និងមន្រ្តីពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយជាព័ត៌មានពិត គឺមិនដូចការលើកឡើងរបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយនោះទេ ហើយករណីនេះសមត្ថកិច្ចបានអនុវត្តការងារតាមនីតិវិធីច្បាប់រួចហើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យប្រភពព័ត៌មានឲ្យបានច្បាស់លាស់មុននឹងចូលរួមបញ្ចេញមតិ ឬចែកចាយព័ត៌មាននោះបន្ត។

ដើម្បីជាផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្រុមយុវជនសង្គមស៊ីវិល បានសូមណូមពរដល់មហាជន៖ ១/. ស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។ ២/. រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទផែកនោះ។ ៣/.ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មាននានាជាបន្ទាន់ដើម្បីបន្សាបព័ត៌មានប្រឌិត។ ៤/. អំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ និង៥/. បញ្ឍប់នាំគ្នាចែករំចែកបន្ត ឬ Like Comment Share ជាដើម ។
ក្រុមយុវជនសង្គមស៊ីវិលអំពាវនាវអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមចូលរួមទាំងអស់គ្នា ដើម្បីសង្គមជាតិយើងមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ បណ្តោយឲ្យក្លាយជាជនរងគ្រោះដោយផ្ទាល់ ឬប្រយោល ដោយសារព័ត៌មានមិនពិត៕



