បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីផ្សព្វផ្សាយ អប់រំ ណែនាំដល់សិស្សានុសិស្ស និងសហគមន៍ លើប្រធានបទ " គ្រឿងញៀន ច្បាប់ចរាចរណ៍ និងក្មេងទំនើង" ជូនដល់សិស្សានុសិស្ស ជាង១០០០នាក់ នៅវិទ្យាល័យសម្តេចឪ (សាលាលើ) ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់សិស្សានុសិស្សបានយល់កាន់តែច្បាស់ពីផលប៉ះពាល់គ្រឿងញៀន និងបានសង្កត់ធ្ងន់ ថា បើស្រឡាញ់ខ្លួនឯង ស្រលាញ់អនាគត ស្រឡាញ់ក្រុមគ្រួសារ និងសង្គមជាតិ ក្មួយៗសិស្សានុសិស្សត្រូវចៀសឱ្យឆ្ងាយអំពីគ្រឿងញៀន។ លោកបានបញ្ជាក់ថា បច្ចុប្បប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាក្នុងការធ្វើតេស្តរកសារធាតុញៀនទៅលើមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធទូទាំងប្រទេសកម្ពុជា បើក្នុងករណីរកឃើញថា មន្ត្រី ណារកឃើញមានសារធាតុញៀន និងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ។ លោកបន្តថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សី លោកបានធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្ស ត្រូវធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់ក្រុមគ្រួសារ បងប្អូនសហគមន៍ យល់អំពីផលប៉ះពាល់ និងវាងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន។

មួយវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ពីព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានដោយសារតែការមិនគោរពច្បាប់ ការបើកបរមិនពាក់មួកសុវត្ថិភាព បើកបរក្នុងល្បឿនលឿន សេពគ្រឿងស្រវឹងជាដើម។ ដូច្នេះសូមឱ្យសិស្សានុសិស្សទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា បើកបរម៉ូតូត្រូវពាក់មួយសុវត្ថិភាពឱ្យបានគ្រប់គ្នា៕ អត្ថបទ រឿង ចន្ទ្រា








