ស្ថាប័នសារព័ត៌មានជាង ៣០ បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្ហាញពីសាមគ្គីភាពជាមួយអ្នកសារព័ត៌មាន ដែលកំពុងធ្វើការនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យមានការការពារ និងសេរីភាព ក្នុងការរាយការណ៍របស់ពួកគេ។

លិខិតដែលត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន(CPJ) ត្រូវបានចុះហត្ថលេខាដោយទីភ្នាក់ងារព័ត៌មានពិភពលោក AFP, AP និងរ៉យទ័រ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឈានមុខគេផ្សេងទៀតរួមមាន New York Times, BBC News និង Haaretz របស់អ៊ីស្រាអែលផងដែរ។
លិខិតនោះ បានឲ្យដឹងថា៖«អស់រយៈពេលជិត៥ខែមកនេះ អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ នៅតំបន់ហ្កាហ្សា ដែលជាប្រភពតែមួយគត់នៃការរាយការណ៍ជាក់ស្តែង នៅក្នុងដែនដីប៉ាឡេស្ទីន បានធ្វើការក្នុងលក្ខខណ្ឌដែលមិនធ្លាប់មានពីមុនមក» ។
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានឲ្យដឹងថាសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ ៨៩នាក់ នៅហ្កាហ្សា ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម។
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើម បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដែលមិនធ្លាប់មានពីមុន ទៅលើអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.១៦០ នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែលដែលសារព័ត៌មានAFPទទួលបាន។