នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីខាទី (Najib Mikati) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាការផ្អាកប្រយុទ្ធនៅតំបន់ហ្កាហ្សាស្ទ្រីប នៅដើមសប្តាហ៍ក្រោយ នឹងបង្កឱ្យមានការចរចាដោយប្រយោល ដើម្បីបញ្ចប់អរិភាពនៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក មីខាទី បាននិយាយថា លោកមានទំនុកចិត្តថា ក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ នឹងឈប់បាញ់ប្រហារ ប្រសិនបើអ៊ីស្រាអែលធ្វើដូចគ្នានេះ ដោយបញ្ចប់ការបាញ់ផ្លោងឆ្លងដែនរយៈពេលជិតប្រាំខែ និងការវាយប្រហារតាមអាកាស។

លោក មីខាទី និយាយថា «ប្រសិនបើអាចឈានដល់ការបញ្ឈប់ប្រតិបត្តិការយោធានៅហ្កាហ្សា នោះយើងជឿជាក់ថា យើងនឹងមានពេលច្រើនសម្រាប់ការចរចា ដែលនឹងអាចសម្រេចបាននូវស្ថិរភាពយូរអង្វែងនៅភាគខាងត្បូង»។

ក្រុមហេសបូឡា គឺជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាច្រើននៅជុំវិញមជ្ឈិមបូព៌ា ដែលបានចូលប្រឡូកក្នុងភាពច្របូកច្របល់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយលុកអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប ដែលបង្កឱ្យមានការសងសឹកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទាំងលើដី អាកាស និងសមុទ្រលើតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ៕