ថៃ៖ ក្រុមអាជ្ញាធរសុខាភិបាលថៃ បានកត់ត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារវីរុស Covid-19 ចំនួន ៧២នាក់ និងអ្នកឆ្លងថ្មីចំនួន ៩.២៧៦នាក់នៅព្រឹកថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះកើនឡើងដល់ ២.៥៣៤នាក់ និងអ្នកឆ្លងសរុបចំនួន ៣១៧.៥០៦នាក់។

ក្រសួងសុខាភិបាលបានស្នើឱ្យមានវិធានការកាន់តែតឹងរ៉ឹងជាងមុន ដើម្បីជំរុញឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងមិនចាកចេញពីខេត្តរបស់ពួកគេ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 កាន់តែមានប្រសិទ្ធភាព។ ការស្នើសុំរបស់ក្រសួងទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស Covid-19 នឹងឃើញការដាក់កម្រិតលើការធ្វើដំណើរឆ្លងខេត្ត និងការផ្លាស់ប្ដូរម៉ោងទិញឥវ៉ាន់ និងម៉ោងដឹកជញ្ជូនសាធារណៈ។ គោលការណ៍គឺត្រូវកំណត់ការធ្វើដំណើររបស់ប្រជាជនចេញពីតំបន់របស់ពួកគេ និងហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត។
ក្រសួងសុខាភិបាលថៃបានស្នើឱ្យមានការប្រើប្រាស់ ជាអតិបរមានៃការងារពីផ្ទះសម្រាប់ទាំងរដ្ឋាភិបាល និងវិស័យឯកជន។ មន្ត្រីនិយាយថា ពេលវេលានៃការដឹកជញ្ជូនសាធារណៈ នឹងត្រូវបានកែសម្រួលទៅតាមពេលវេលា ហើយក្រសួងសុខាភិបាលបានធ្វើសំណើ ខណៈករណីឆ្លងវីរុស Covid-19 ថ្មីរាល់ថ្ងៃមានខ្ពស់រួចទៅហើយនៅក្រុង Bangkok នៅតាមបណ្តាខេត្តទាំងក្នុង និងក្រៅជំរំកម្មករសំណង់៕
អត្ថបទ៖ ប៊ុនថន