ក្នុងខែកុម្ភៈ ឆ្នាំនេះបានមើលឃើញស្ថានភាពអាកាសធាតុមិនប្រក្រតីជាច្រើនដូចជាផ្កាសាគូរ៉ា រីកមុនរដូវនៅក្នុងប្រទេសជប៉ុន កន្លែងជិះស្គីនៅអឺរ៉ុបទទេស្អាតដោយមិនមានទឹកកក និងចំហេះព្រៃយ៉ាសន្ធោសន្ធៅនៅរដ្ឋតិចសាស់ របស់អាមេរិក និងនៅប្រទេសឈីលី។

ខណៈពេលដែលទិន្នន័យមិនទាន់ត្រូវបានបញ្ចប់ អ្នកវិទ្យាសាស្ត្របានប្រាប់សារព័ត៌មានរ៉យទ័រថា ខែកុម្ភៈ ឆ្នាំ២០២៤ គឺកំពុងក្លាយជាខែដែលមានសីតុណ្ហភាពជាមធ្យមពិភពលោកខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រាសម្រាប់ខែកុម្ភៈ ដោយសារបម្រែបម្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល និងការឡើងកម្ដៅនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដែលត្រូវបានគេស្គាល់ថាជាគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)។

ប្រសិនបើទិន្នន័យត្រូវបានបញ្ជាក់ នោះនឹងក្លាយជាការបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅបំផុតប្រចាំខែទីប្រាំបួនជាប់ៗគ្នា នេះបើយោងតាមទិន្នន័យពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក ឬហៅកាត់ថា NOAA ។
លោកស្រី ខារីន គ្លីសុន (Karin Gleason) អ្នកវិទ្យាសាស្ត្របរិយាកាសនៅទីភ្នាក់ងារនេះនិយាយថា គំរូអាកាសធាតុ អ៊ែលនីញ៉ូ ត្រូវបានគេរំពឹងថានឹងរលាយបាត់នៅពាក់កណ្តាលឆ្នាំ២០២៤ ហើយអាចផ្លាស់ប្តូរទៅជាគំរូអាកាសធាតុ ឡានីញ៉ា (La Nina) ដែលជាភាពត្រជាក់នៅប៉ាស៊ីហ្វិកខាងកើតវិញ ហើយនោះអាចជួយជំរុញចរន្តនៃអាកាសធាតុក្តៅរហូតដល់ចុងឆ្នាំ៕