សមាជិកសភាចំនួន ៣១ រូបនៃសភាអាមេរិក បានចុះហត្ថលេខាលើលិខិតមួយទៅកាន់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីងខិន (Antony Blinken) ដោយជំរុញឱ្យអ្នកទាំងពីរកុំទទួលស្គាល់រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសប៉ាគីស្ថាន រហូតដល់ការស៊ើបអង្កេតអំពីការជ្រៀតជ្រែកការបោះឆ្នោតត្រូវបានធ្វើឡើង។

គណបក្ស សម្ព័ន្ធមូស្លីមណាវ៉ាស់ប៉ាគីស្ថាន (PML-N) និងគណបក្សប្រជាជនប៉ាគីស្ថាន (PPP) បានយល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះមួយ ទោះបីជាបេក្ខជនគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារ លោក អ៊ីមរ៉ាន ខាន់ (Imran Khan) ទទួលបានអាសនៈច្រើនជាងគេក៏ដោយ។

លិខិតរបស់សភាអាមេរិកនោះក៏បានជំរុញឱ្យលោក បៃដិន និងលោក ប្លីងខិន បញ្ជាក់ឱ្យច្បាស់ដល់អាជ្ញាធរប៉ាគីស្ថានថា ទីក្រុងវ៉ាស៊ីនតោន អាចប្រើប្រាស់ឥទ្ធិពលលើវិស័យយោធា ហើយកិច្ចសហប្រតិបត្តិការផ្សេងទៀតអាចត្រូវបានបញ្ឈប់ ប្រសិនបើវិធានការពាក់ព័ន្ធមិនត្រូវបានធ្វើឡើង។

ពលរដ្ឋប៉ាគីស្ថាន បានទៅបោះឆ្នោតកាលពីដើមខែនេះក្នុងការបោះឆ្នោតមួយដែលត្រូវបានរំខានដោយការបិទសេវាអ៊ីនធឺណិតតាមទូរស័ព្ទនៅថ្ងៃបោះឆ្នោត ការចាប់ខ្លួន ព្រមទាំងអំពើហិង្សា និងលទ្ធផលយឺតយ៉ាវខុសប្រក្រតី ដែលនាំឱ្យមានការចោទប្រកាន់ថាការបោះឆ្នោតនេះត្រូវបានគេលួចបន្លំ។
សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតដែលបានរាយការណ៍ ហើយបានជំរុញឱ្យមានការស៊ើបអង្កេត៕