កំណត់ត្រារបស់តុលាការអាមេរិកបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាអតីតឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្ដល់ចម្លើយពីភាពមានទោសរបស់ខ្លួនចំពោះការចោទប្រកាន់ពីបទចារកម្មឱ្យប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍ ដែលក្រសួងយុត្តិធម៌បានពិពណ៌នាថាជាការជ្រៀតចូលខ្ពស់បំផុត និងយូរអង្វែងបំផុតក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយភ្នាក់ងារបរទេស។

លោក វីកទ័រ ម៉ានូអ៊ែល រ៉ូឆា (Victor Manuel Rocha) ដែលធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសបូលីវី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ត្រូវបានចោទប្រកាន់កាលពីខែធ្នូ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសហព័ន្ធជាច្រើនករណី រួមទាំងការដើរតួជាភ្នាក់ងារបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនដែលទទួលបានដោយក្លែងបន្លំ។

សហរដ្ឋអាមេរិកបានចោទប្រកាន់ លោក រ៉ូឆា ថាបានគាំទ្រគុយបាជាសម្ងាត់ និងបេសកកម្មប្រមូលផ្តុំស៊ើបការណ៍សម្ងាត់របស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ១៩៨១ មក។

លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែភាគីក្នុងសំណុំរឿងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក «នឹងផ្លាស់ប្តូរចម្លើយរបស់ខ្លួន» ដើម្បីសារភាពកំហុស នេះបើយោងតាមឯកសារនៅក្នុងប្រព័ន្ធកំណត់ត្រាតុលាការតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ដោយបានបន្ថែមថាការកាត់ទោសត្រូវបានកំណត់សម្រាប់ថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕