ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាសហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍របស់ទាហានអ៊ីស្រាអែល ដែលបានបាញ់ប្រហារទៅលើមនុស្សដែលកំពុងរង់ចាំជំនួយស្បៀងអាហារនៅហ្កាហ្សា ដោយបន្ថែមថា លោកជឿថាឧបទ្ទវហេតុដ៏បង្ហូរឈាមនេះនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចចរចាស្តីពីបទឈប់បាញ់ថ្មី។

អាជ្ញាធរសុខាភិបាលនៅហ្កាហ្សាបាននិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែល ទៅលើហ្វូងមនុស្សដែលកំពុងរង់ចាំជំនួយនៅជិតទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១២ នាក់ និងរងរបួសចំនួន ២៨០ នាក់។

លោក បៃដិន បាននិយាយថា «ឥឡូវនេះ យើងកំពុងពិនិត្យមើលលើបញ្ហានេះ ដោយសារមានរបាយការណ៍ប្រជែងគ្នាចំនួនពីរជុំវិញអ្វីដែលបានកើតឡើង ដូច្នេះយើងមិនទាន់មានចម្លើយនៅឡើយទេ ហើយបទឈប់បាញ់បណ្តោះអាសន្នប្រហែលជានឹងមិនកើតឡើងនៅថ្ងៃចន្ទ ដូចដែលយើងព្យាករកាលពីមុននោះទេ»។

អ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអ្នកសម្រុះសម្រួលកាតា ទាំងអស់បានកត់សម្គាល់ពីការប្រុងប្រយ័ត្នក្នុងសប្តាហ៍នេះ អំពីវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់នៅហ្កាហ្សា ជាទីដែលអាជ្ញាធរសុខាភិបាលបាននិយាយថា មនុស្សជាង ៣០.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕