បណ្ដាមេដឹកនាំហិរញ្ញវត្ថុមកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បានបរាជ័យក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍រួមមួយ ខណៈពួកគេបានបញ្ចប់កិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ដោយមានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅហ្កាហ្សា និងអ៊ុយក្រែន ដែលបានគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតការឯកភាពគ្នាលើការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។

ប្រទេសប្រេស៊ីល ដែលជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលមកពីក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួនម្ភៃ (G20) បានចេញសេចក្តីសង្ខេបរបស់ខ្លួនជំនួសឱ្យសេចក្តីប្រកាសរួមមួយ។

សេចក្តីសង្ខេបរបស់ប្រទេសប្រេស៊ីល ដែលស្របតាមពង្រាងសេចក្តីប្រកាសមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារនោះ បានលើកឡើងពីហានិភ័យសេដ្ឋកិច្ចនៃ «សង្រ្គាម និងការកើនឡើងនៃជម្លោះ» ប៉ុន្តែបានជំរុញឱ្យមានការពិភាក្សាលើបញ្ហាទាំងនោះនៅវេទិកាផ្សេងទៀត។ ឯកសារនោះក៏បានកត់សម្គាល់ផងដែរនូវហានិភ័យខ្ពស់នៃ «ភាពអន់ថយ» របស់សេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើឱ្យមានអតិផរណា។

ក្រុមមន្ត្រីប្រេស៊ីល ដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះបានព្យាយាមផ្តោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហាដូចជាបម្រែបម្រួលអាកាសធាតុ និងភាពក្រីក្រ ប៉ុន្តែបណ្តាប្រទេសរួមទាំងអាល្លឺម៉ង់ បានជំរុញឱ្យមានសេចក្តីថ្លែងការណ៍រួម ដែលនិយាយអំពីសង្គ្រាមនៅអ៊ុយក្រែន និងហ្កាហ្សា ជំនួសវិញ៕