អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា ទីក្រុងវ៉ាស៊ីនតោន ពុំមានការរំពឹងទុកនោះទេថា ការបោះឆ្នោតសភាក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី១ ខែមីនានេះ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។

លោក Miller បាននិយាយថា ពិភពលោកបានដឹងជាយូរមកហើយថា ប្រព័ន្ធនយោបាយរបស់ប្រទេស អ៊ីរ៉ង់ គ្មានប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធរដ្ឋបាល តុលាការ និងប្រព័ន្ធបោះឆ្នោត ប្រកបដោយតម្លាភាពនោះទេ។
អ្នកបោះឆ្នោតអ៊ីរ៉ង់ ធ្វើដំណើរទៅបោះឆ្នោតដើម្បីជ្រើសរើសសភាបន្ទាប់របស់ប្រទេស និងសភាអ្នកជំនាញដ៏មានឥទ្ធិពល។

រៀងរាល់បួនឆ្នាំម្តង សាធារណជន ត្រូវទៅបោះឆ្នោតឱ្យសមាជិកសភាអ៊ីរ៉ង់ចំនួន ២៩០រូប។ សភា គឺជាស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេស ហើយសមាជិករបស់ខ្លួន ទទួលខុសត្រូវលើការពង្រៀងច្បាប់ អនុម័តថវិកាប្រចាំឆ្នាំ និងសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិណាមួយ។ ប៉ុន្តែ មិនទទួលខុសត្រូវចំពោះគោលនយោបាយការបរទេស ឬនុយក្លេអ៊ែរនោះទេ។
ទោះបីជាប្រជាជនអ៊ីរ៉ង់ អាចបោះឆ្នោតបានក៏ដោយ វាមានដែនកំណត់មួយចំនួនចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអ៊ីរ៉ង់។