ភ្នំពេញ ៖ អ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅតាមផ្ទះ ក្នុងរាជធានីភ្នំពេញគិតមកដល់ពេលនេះ បានកើនឡើងដល់ជិត១ពាន់នាក់ហើយ ខណៈចំនួនអ្នកជាសះស្បើយ ក៏មានចំនួនច្រើនដែរ។
ក្នុងកិច្ចប្រជុំតាមរយៈអនឡាញ ជាមួយស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដែលដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ កក្កដា២០២១ នៅសាលារាជធានីភ្នំពេញ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ចំនួន៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកជាសះស្បើយចំនួន ២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់។ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះនារយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារតែជំនាញពាក់ព័ន្ធបានលើកទឹកចិត្តឱ្យពួកគាត់បានព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ។
លោក ងី មានហេង បន្តថា ចំពោះអ្នកជំងឺដែលកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់ក៏អាចសុំការអនុញ្ញាតិប្តូរទៅព្យាបាលនៅតាមផ្ទះវិញបានដែរ ប៉ុន្តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវលក្ខខ័ណ្ឌច្បាប់មួយចំនួន ហើយខាងសុខាភិបាលជាអ្នករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រងមើលខុសត្រូវពួកគាត់។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ក្រោយការធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ក្នុងនាមជាអាជ្ញាធរ និងក្រុមគ្រូពេទ្យ ត្រូវសួរនាំពួកគាត់ថា តើមានលទ្ធភាពទៅព្យាបាលនៅតាមផ្ទះទេ? បើមាន អាជ្ញាធរ និងក្រុមគ្រូពេទ្យត្រូវជូនពួកគាត់ទៅផ្ទះ។ចៀសវាងខ្លាចពួកគាត់ទៅទីណាផ្តេសផ្តាសមុនចូលដល់ផ្ទះ។
នៅផ្ទះទៀតសោធន៍ ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹង និងចេះប្រយ័ត្នខ្លួន។ ចំពោះសំរាមនៅផ្ទះអ្នកព្យាបាលជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោង ទើបឱ្យយកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជំងឺកូវីដ-១៩។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារព្យាបាលនៅតាមផ្ទះនេះ ដោយសារអាយុជីវិត និងជោគវាសនាប្រជាពលរដ្ឋត្រូវពឹងពាក់មកលើអាជ្ញាធរហើយ។
ឯកឧត្ដម ឃួង ស្រេង យល់ឃើញថា ការព្យាបាលតាមផ្ទះនេះ ពិតជាទទួលបានជោគជ័យ ដោយសារតែប្រជាពលរដ្ឋចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការងារនៃការព្យាបាលតាមផ្ទះនេះ។
គួរបញ្ជាក់ថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយការងារនេះរាជធានីភ្នំពេញ បានឈានមួយជំហានទៅមុខរួចហើយ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



