មេដឹកនាំនៃរដ្ឋតំបន់បាល់កង់ខាងលិចទាំងប្រាំមួយ កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងកាត់បន្ថយការចំណាយ លើប្រតិបត្តិការហិរញ្ញវត្ថុ នៅទូទាំងតំបន់នៅចុងឆ្នាំនេះ ដែលនឹងក្លាយជាជំហានដំបូង ឆ្ពោះទៅរកដំណើរការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបតែមួយ។

មេដឹកនាំនៃប្រទេសតំបន់បាល់កង់ខាងលិចទាំងប្រាំមួយមាន ប្រទេសអាល់បានី បូស្នី កូសូវ៉ូ ម៉ុងតេណេហ្គ្រោ ម៉ាសេដូនខាងជើង និងប្រទេសស៊ែប៊ី បានជួបប្រជុំគ្នានៅទីក្រុង Tirana ប្រទេសអាល់បានី ដើម្បីពិភាក្សាអំពីកំណែទម្រង់ ដែលត្រូវការដើម្បីចូលទៅដំណើរការផែនការកំណើន ៦ពាន់លានអឺរ៉ូ របស់សហភាពអឺរ៉ុប ដែលត្រូវបានបង្ហាញកាលពីខែតុលាមុន។
ផែនការកំណើនរបស់សហភាពអឺរ៉ុប សម្រាប់តំបន់នេះ នឹងរួមមានការបើកទីផ្សាររួមរបស់ខ្លួន ទៅកាន់បណ្តាប្រទេសនៅតំបន់បាល់កង់ខាងលិច នៅក្នុងវិស័យជាច្រើនដូចជា ការបញ្ជូនទំនិញ និងសេវាកម្មដោយសេរី ការដឹកជញ្ជូននិងថាមពល។ ប៉ុន្តែជាថ្នូរមកវិញ ប្រទេសទាំងអស់ ចាំបាច់ត្រូវអនុវត្តកំណែទម្រង់ និងដោះស្រាយរាល់បញ្ហាឈានមុខដែលនៅសេសសល់ជាមួយប្រទេសជិតខាង។

ស្នងការសហភាពអឺរ៉ុប លោក អូលីវ័រ វ៉ាហេលីយី(Oliver Varhelyi) បាននិយាយថា ការកាត់បន្ថយការចំណាយលើប្រតិបត្តិការហិរញ្ញវត្ថុក្នុងចំណោមប្រទេសទាំងប្រាំមួយ ក្នុងឆ្នាំ ២០២៤ ពុំមែនជាការលំបាកធំនោះទេ ព្រោះធនាគារនៅក្នុងប្រទេសទាំងនោះ ភាគច្រើនដំណើរការដោយធនាគារអឺរ៉ុប ដែលអាចអនុវត្តច្បាប់ដូចគ្នា។
លោក Varhelyi បាននិយាយថា បញ្ហាប្រឈមនឹងស្ថិតនៅត្រង់ថាតើច្បាប់ទាំងនោះ អាចអនុវត្តបានលឿនប៉ុណ្ណានៅក្នុងបណ្តាប្រទេសតំបន់បាល់កង់។
ប្រទេសស៊ែប៊ី និងម៉ុងតេណេហ្គ្រោ គឺជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលចាប់ផ្តើមកិច្ចចរចាសមាជិកភាពសហភាពអឺរ៉ុប ហើយប្រទេសអាល់បានី និងម៉ាសេដូនខាងជើង បានចាប់ផ្តើមកិច្ចចរចាជាមួយទីក្រុងប្រ៊ុចសែល ក្នុងឆ្នាំ ២០២២។ ប្រទេសបូស្នី និងកូសូវ៉ូ នៅពីក្រោយឆ្ងាយពីប្រទេសជិតខាងខ្លួនក្នុងដំណើរការនេះ។