រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាល្លឺម៉ង់ កំពុងបង្កើនជំនួយមនុស្សធម៌ចំនួន២០លានអឺរ៉ូ (២១,៦ លានដុល្លារ)បន្ថែមទៀតសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីបដែលបិទជិត ស្ថិតនៅក្រោមការការវាយប្រហារឥតឈប់ឈេររបស់អ៊ីស្រាអែលអស់រយៈពេលជាច្រើនខែហើយនោះ។
ប្រមុខការទូតរបស់ប្រទេសអាល្លឺម៉ង់ បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ វាមិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនហ្កាហ្សាទេ។

លោកស្រីបែបក់ បានបន្ថែមថា ចំនួននៃរថយន្តដឹកទំនិញដែលដឹកស្បៀងអាហារសង្គ្រោះជីវិត ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀតទៅកាន់តំបន់ហ្កាហ្សា បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ «នេះមិនអាចទទួលយកបានទេ។ រដ្ឋាភិបាលអ៊ីស្រាអែល ត្រូវតែអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សាដោយគ្មានការរារាំង មានសុវត្ថិភាព និងជាបន្ទាន់។
យោងតាមការិយាល័យការបរទេសអាល្លឺម៉ង់ ទីក្រុងប៊ែរឡាំង បានផ្តល់ប្រាក់សរុបចំនួន ២០៦,៥ លានអឺរ៉ូដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) ក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយ។ ក្នុងចំណោមនោះ ៨៣លានអឺរ៉ូ បានផ្តល់ប្រយោជន៍ដល់ប្រជាជននៅតំបន់ហ្កាហ្សា។
UNRWA បានរងការរិះគន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករបស់ខ្លួនមួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រា អែល។
ប្រទេសសរុបចំនួន១៦ រួមទាំងប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមផ្អាកផ្តល់ជំនួយដល់ UNRWA បន្ទាប់ពីមានការចោទប្រកាន់នោះ។