
ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីស្នើច្បាប់ចំណាយបណ្តោះអាសន្នរយៈពេលខ្លី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលដោយផ្នែក បន្ទាប់ពីសភា ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានគាំទ្រសេចក្តីស្នើច្បាប់នេះ។
សេចក្តីស្នើច្បាប់ ដែលត្រូវបានបានអនុម័តនៅព្រឹទ្ធសភា ក្នុងការបោះឆ្នោតទ្វេបក្សមានសំឡេង៧៧ទល់នឹង៣៣សំឡេង បន្ទាប់មកនឹងត្រូវបញ្ចូនទៅកាន់ប្រធានាធិបតី លោក Joe Biden ដើម្បីចុះហត្ថលេខាទៅជាច្បាប់។ វានឹងកំណត់កាលបរិច្ឆេទ ដើម្បីផ្តល់មូលនិធិមួយផ្នែករបស់រដ្ឋាភិបាល នៅត្រឹមថ្ងៃទី ៨ ខែមីនា និងមួយផ្នែកទៀត នៅថ្ងៃទី ២២ ខែមីនា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Biden បាននិយាយថា ការអនុម័តនេះ គឺជាព័ត៌មានល្អសម្រាប់ប្រជាជនអាមេរិក ព្រោះវាបានបញ្ចៀសការបិទរដ្ឋាភិបាលដែលនឹងខូចប្រយោជន៍ ប៉ុន្តែបាននិយាយថា «នេះគឺជាការជួសជុលសម្រាប់រយៈពេលខ្លី ពុំមែនជាដំណោះស្រាយរយៈពេលវែងឡើយ»។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសភា សមាជិកគណបក្សប្រជាធិបតេយ្យចំនួន២០៧រូប បានចូលរួមជាមួយសមាជិកគណបក្សសាធារណរដ្ឋចំនួន១១៣រូប ក្នុងការបោះឆ្នោតមានសំឡេង ៣២០ទល់នឹង៩៩សំឡេង ដើម្បីអនុម័តវិធានការបណ្តោះអាសន្នរយៈពេលខ្លី ដែលត្រូវការពេលវេលាសភាបន្ថែមទៀត ដើម្បី ព្រមព្រៀងលើការផ្តល់មូលនិធិ សម្រាប់ឆ្នាំសារពើពន្ធពេញលេញ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា។
ទីភ្នាក់ងារវាយតម្លៃធំៗ និយាយថា ភាពច្របូកច្របល់ម្តងហើយម្តងទៀត កំពុងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់ប្រទេស ដែលបំណុល បានកើនលើសពី ៣៤ សែនកោដិ៍ដុល្លារ។