
សារព័ត៌មាន CNN ចេញផ្សាយ ដោយដកស្រង់ប្រភពការពារជាតិអនាមិកមួយចំនួនថា ក្រសួងការពារជាតិអាមេរិក កំពុងថ្លឹងថ្លែងថាតើត្រូវប្រើប្រាស់ប្រភពចុងក្រោយនៃមូលនិធិ ដែលខ្លួនមានសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន ឬយ៉ាងណា ខណៈដែលការពិភាក្សាអំពីជម្រើសដ៏សំខាន់សម្រាប់ជំនួយអ៊ុយក្រែន បានកើនឡើងជាបន្ទាន់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ដោយអ៊ុយក្រែនកាន់តែអស់សង្ឃឹមចំពោះជំនួយយោធារបស់សហរដ្ឋអាមេរិក និងក្រុមមេដឹកនាំរបស់គណបក្សសាធារណរដ្ឋ នៅក្នុងសភាដែលបដិសេធមិនធ្វើការបោះឆ្នោតលើការផ្តល់មូលនិធិបន្ថែមទៀត មន្ត្រីការពារជាតិជាន់ខ្ពស់ កំពុងពិភាក្សាថាតើមានជំនួយហិរញ្ញវត្ថុណាមួយនៅខាងក្នុង ដែលអនុញ្ញាតឲ្យ ក្រសួងនេះ ចំណាយយ៉ាងហោចណាស់ផ្នែកមួយនៃប្រាក់ដែលនៅសល់ចំនួន៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៊ី។
សារព័ត៌មាន CNN បានរាយការណ៍ថា មន្ទីរបញ្ចកោណ មានការស្ទាក់ស្ទើរក្នុងការចំណាយមូលនិធិ ដែលនៅសល់ ដោយគ្មានការធានាថា សភានឹងបំពេញបន្ថែមឲ្យពួកគេនោះ។
ដោយត្រូវសួរអំពីលទ្ធភាពនៃការប្រើប្រាស់ប្រាក់ចំនួន៤ពាន់លានដុល្លារដែលនៅសល់ អ្នកនាំពាក្យក្រសួងការពារជាតិ លោកវរសេនីយ៍ទោ Garron Garn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រសួងការពារជាតិ បន្តជំរុញឲ្យសភាអនុម័តជំនួយបន្ថែម ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្នុងគ្រាចាំបាច់ និងបំពេញបន្ថែមឃ្លាំងស្តុកជំនួយរបស់យើង។