
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) បានជំរុញកិច្ចខិតខំប្រឹងប្រែងដែលដាក់ឱ្យរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីងខិន (Antony Blinken) ទទួលខុសត្រូវពីការមើលងាយសភាចំពោះការដកហូតឯកសារទាក់ទងនឹងការដកទ័ពចេញពីអាហ្វហ្គានីស្ថាន។
តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ លោក ម៉ៃខល មេកខូល (Michael McCaul) បាននិយាយថា គណៈកម្មាធិការនឹងជួបប្រជុំគ្នានៅថ្ងៃទី០៧ ខែមីនា ដើម្បីពិចារណាលើសេចក្ដីសម្រេចដែលផ្តល់អនុសាសន៍ថាលោក ប្លីងខិន នឹងតម្រូវឱ្យទទួលខុសត្រូវពីការមើលស្រាលសភា «ចំពោះការបន្តបដិសេធរបស់ខ្លួនក្នុងការអនុលោមតាមដីកាដែលផ្តល់ដោយគណៈកម្មាធិការក្នុងខែកក្កដា»។
គណៈកម្មាធិការសភាបាននឹងកំពុងស្វែងរកព័ត៌មានបន្ថែមពីក្រសួងការបរទេសអស់រយៈពេលជាច្រើនខែអំពីការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១។
សមាជិកគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមួយចំនួនបាននិយាយថា មិនដែលមានការទទួលខុសត្រូវពេញលេញណាមួយទេនៃប្រតិបត្តិការដ៏វឹកវរមួយនោះ ដែលសមាជិកបម្រើការរបស់សហរដ្ឋអាមេរិក ១៣ នាក់ត្រូវបានសម្លាប់នៅអាកាសយានដ្ឋានកាប៊ុល៕