
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានជួបជាមួយមេបញ្ជាការកំពូលនៃកងកម្លាំងការពារអាត្លង់ទិកខាងជើង របស់សម្ព័ន្ធយោធា ណាតូ (NATO) លោកឧត្តមសេនីយ៍ គ្រីសស្តូហ្វឺ ខាវ៉ូលី (Christopher Cavoli) ដើម្បីស្នើសុំការគាំទ្រក្នុងការទប់ស្កាត់ការបង្កហេតុពីកូរ៉េខាងជើង។
យោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល ដែលរាយការណ៍ដោយសារព័ត៌មាន យ៉ុនហាប់ (Yonhap) កាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) បានឱ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ស៊ីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលអន្តរជាតិលើបញ្ហានៅឧបទ្វីបកូរ៉េ ហើយបានស្នើសុំឱ្យអង្គការណាតូ យកចិត្តទុកដាក់ និងគាំទ្រដើម្បីទប់ស្កាត់ការបង្កហេតុរបស់កូរ៉េខាងជើង។
កូរ៉េខាងត្បូង មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះលទ្ធភាពនៃការបង្កហេតុរបស់កូរ៉េខាងជើង នៅមុនការបោះឆ្នោតសភាខែមេសា ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងត្បូងជាសត្រូវរៀងរហូត ហើយបានដកផែនទីឧបទ្វីបកូរ៉េចេញពីគេហទំព័រផ្លូវការផ្សេងៗរបស់ខ្លួន។
ដំណើរទស្សនកិច្ចរបស់លោក ខាវ៉ូលី នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេបញ្ជាការកំពូលរបស់អង្គការណាតូ ទៅកាន់កូរ៉េខាងត្បូង ដែលជានិមិត្តរូបនៃការបង្កើនតួនាទីរបស់ប្រទេសនេះនៅក្នុងសក្ដានុពលសន្តិសុខពិភពលោក៕