
ប្រទេសនូវែលសេឡង់ កាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) បានចុះបញ្ជីក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស ទាំងមូលជាអង្គភាពភេរវករ ហើយបានដាក់បម្រាមការធ្វើដំណើរលើអ្នកតាំងលំនៅអ៊ីស្រាអែល «ជ្រុលនិយម» ដែលខ្លួនបាននិយាយថាបានប្រព្រឹត្តការវាយប្រហារដោយហិង្សាលើជនជាតិប៉ាឡេស្ទីននៅតំបន់ វេសបែង (West Bank)។
លោកនាយករដ្ឋមន្ត្រី គ្រីសស្តូហ្វឺ លូហ្សុន (Christopher Luxon) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដោយក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីខែតុលា «មានភាពឃោរឃៅ ហើយយើងបានថ្កោលទោសពួកគេដោយការសម្រេចនេះ»។
លោកបានបន្ថែមថា «នូវែលហ្សេឡង់ចង់បញ្ជាក់ឱ្យច្បាស់ថា ការចាត់តាំងក្រុមហាម៉ាសនេះជាក្រុមភេរវករ គឺដោយសារសកម្មភាពភេរវកម្មរបស់ខ្លួននៅតំបន់ឆ្នេរហ៊ុមព័ទ្ធ ហើយមិនមែនជាការឆ្លុះបញ្ចាំងលើប្រជាជនប៉ាឡេស្ទីនទាំងអស់នៅតំបន់ហ្កាហ្សា និងជុំវិញពិភពលោកនោះទេ»។
នូវែលសេឡង់ ធ្លាប់បានកំណត់ស្លាបយោធានៃក្រុមហាម៉ាស ជាអង្គភាពភេរវករតាំងពីឆ្នាំ២០១០ ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេស វីនស្តុន ភីតធឺស៍ (Winston Peters) បាននិយាយថា ក្រុមហាម៉ាសទាំងមូលទទួលខុសត្រូវចំពោះការវាយប្រហារនៅខែតុលា ដែលធ្វើឱ្យមានការពិបាកសម្រាប់រដ្ឋាភិបាលនូវែលសេឡង់ ក្នុងការបែងចែករវាងក្រុមយោធា និងស្លាបនយោបាយរបស់ក្រុមនេះ៕