
ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អេរដូហ្គែន ( Recep Tayyip Erdoğan) បានថ្លែងថា ទីក្រុងអង់ការ៉ា នៅតែបន្តគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់វេទិកាសម្រាប់ «ការចរចា»ដែលពាក់ព័ន្ធ។
លោកអេរដូហ្គែន បានសង្កត់ធ្ងន់លើការគាំទ្ររបស់ប្រទេសទួរគីចំពោះឯករាជ្យ អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ព្រមទាំងបំណងប្រាថ្នារបស់ខ្លួនក្នុងការការពារ «សិទ្ធិ និងផលប្រយោជន៍របស់ជនរួមជាតិជនជាតិដើមគ្រីម៉េតាតារ ( Crimean Tatar) របស់យើង»។
លោកបានបន្ថែមថា៖«ទោះបីជាយើងបានចូលដល់ឆ្នាំទី៣នៃសង្រ្គាម [ពេញទំហឹង] ហើយមានការខិតខំប្រឹងប្រែងរបស់យើងក៏ដោយ ក៏មានការរីកចម្រើនមិនគ្រប់គ្រាន់ឆ្ពោះទៅរកសន្តិភាព។ ខ្ញុំនៅតែប្តេជ្ញាផ្តល់ឱកាសការទូត និងការសន្ទនា ដើម្បីបញ្ចប់សង្គ្រាមដោយសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង»។
ក្នុងន័យនេះ លោកអេរដូហ្គែន បានអំពាវនាវឲ្យមានការងាររួមគ្នាដើម្បី «កំណត់លក្ខខណ្ឌទូទៅនៃសន្តិភាព» ហើយបានបញ្ជាក់ថា ទីក្រុងអង់ការ៉ា «ជាគោលការណ៍គាំទ្រ » រូបមន្តសន្តិភាព ដែលស្នើឡើងដោយអ៊ុយក្រែន។
លោកប្រធានាធិបតី បានបន្តរំលឹកឡើងវិញពីរបៀបដែលប្រទេសទួរគី បានជួយអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលរុស្ស៊ីបានដកខ្លួនចេញ នៅរដូវក្តៅឆ្នាំ ២០២៣។