
ការលាលែងពីតំណែងរបស់អភិបាល នៅប្រទេសជប៉ុន ដែលកំពុងប្រឈមនឹងការចោទប្រកាន់ចំនួន ៩៩ករណីពីបទបៀតបៀនផ្លូវភេទ បានបង្កឲ្យមានកំហឹងឆាបឆួលឡើងពេញបណ្ដាញសង្គម នាថ្ងៃសុក្រ (ទី១ ខែមីនា) នេះ បន្ទាប់ពីរូបលោកបានបដិសេធករណីមួយចំនួន ហើយបានសម្រក់ទឹកភ្នែក នៅឯសន្និសីទសារព័ត៌មាន។
ការស៊ើបអង្កេតផ្លូវការ បានចោទប្រកាន់លោក Hideo Kojima អភិបាលក្រុង នៅតំបន់ Gifu ភាគកណ្តាល ពីបទបៀតបៀនជាច្រើនករណី ក្នុងនោះរួមទាំងការប៉ះពាល់ដើមទ្រូង និងត្រគាករបស់សហសេវិកាផងដែរ។ ក្រោយមានការចោទប្រកាន់នេះ បុរសវ័យ ៧៤ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) បាននិយាយថា រូបលោកនឹងលាលែងពីតួនាទី ដោយមានរយៈពេល ១ថ្ងៃបន្ទាប់ពីលោកបានជូតទឹកភ្នែក នៅចំពោះមុខអ្នកសារព័ត៌មាន ខណៈដែលលោកបានពោលរៀបរាប់ពីការស្ដីបន្ទោសរបស់បងប្រុសលោក។
លោកបានបដិសេធការចោទប្រកាន់មួយចំនួនដែលត្រូវបានរៀបរាប់លម្អិត នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការឯករាជ្យ ដោយក្នុងនោះរួមទាំងថា រូបលោកបានឱបបុគ្គលិកស្ត្រី ដែលត្រូវបានឃើញដោយសាក្សីជាច្រើន។ នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ លោកបាននិយាយថា៖ «ខ្ញុំមិនបានប្រព្រឹត្តនោះទេ» ដោយពន្យល់ថា កាយវិការរបស់លោកអាចមើលទៅដូចជាការស្រវាឱប ប៉ុន្តែមិនមែនទេ។ អភិបាលក្រុងរូបនេះបានបន្ថែមថា៖ "បាយការណ៍នេះខ្វះអព្យាក្រឹតភាព ហើយខ្ញុំចង់ឲ្យពួកគេស៊ើបអង្កេតឲ្យបានល្អិតល្អន់ជាងនេះ»។
គ្មានសំណុំរឿងព្រហ្មទណ្ឌណាមួយត្រូវបានបើកបង្ហាញជាសាធារណៈប្រឆាំងនឹងលោក Kojima ដែលនឹងចាកចេញពីមុខតំណែងនៅថ្ងៃទី៥ ខែមីនា។ ការស៊ើបអង្កេតដែលបានចាប់ផ្តើមបន្ទាប់ពីមានរបាយការណ៍នៅក្នុងទស្សនាវដ្តី Shukan Bunshun បានឲ្យដឹងថា អភិបាលក្រុងរូបនេះបានស្ទាបអង្អែលក្បាលបុគ្គលិកស្ត្រីជាញឹកញាប់ តែលោក Kojima បាននិយាយថា ការធ្វើបែបនេះគឺមានចង់បង្ហាញពី «ការដឹងគុណ» ប៉ុណ្ណោះ។
ដំណឹងនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម X នៅថ្ងៃទី១ ខែមីនានេះ ដោយអ្នកប្រើប្រាស់ជាច្រើនបានសម្តែងការខឹងសម្បា៕