
ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) បានទទួលជ័យជម្នះទាំងស្រុងលើកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់ការលក់យន្តហោះចម្បាំង F-16 និងយុទ្ធោបរណ៍ទំនើបៗតម្លៃ ២៣ពាន់លានដុល្លារទៅឲ្យប្រទេសទួរគី ដែលរដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden បានអនុម័ត បន្ទាប់ពីទួរគីបានយល់ព្រមឲ្យស៊ុយអែតចូលរួមជាមួយសម្ព័ន្ធភាពណាតូ (NATO)។
ព្រឹទ្ធសភាបានបោះឆ្នោតជាមួយនឹងសំឡេង ៧៩ទល់នឹង១៣សំឡេង ប្រឆាំងនឹងសេចក្ដីសម្រេចជំទាស់នឹងលើការលក់ដែលលើកឡើងដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Rand Paul។ មុនពេលបោះឆ្នោត លោក Paul បានរិះគន់រដ្ឋាភិបាលរបស់ទួរគី ហើយបាននិយាយថា ការអនុញ្ញាតឲ្យមានការលក់នេះ នឹងជួយគាំទ្រដល់ «ឥរិយាបថខុសឆ្គង» របស់ប្រទេសនេះ។ តែអ្នកគាំទ្រចំពោះការលក់នេះបានលើកឡើងថា វាមានសារៈសំខាន់ណាស់ ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោនរក្សាពាក្យសម្ដីរបស់ខ្លួន ចំពោះសម្ព័ន្ធមិត្តណាតូ។
សូមបញ្ជាក់ថា រដ្ឋបាលលោក Biden បានជូនដំណឹងជាផ្លូវការដល់សភា កាលពីថ្ងៃទី២៦ ខែមករា អំពីបំណងរបស់ខ្លួន ក្នុងការបន្តការលក់យន្តហោះចម្បាំង F-16 របស់ក្រុមហ៊ុន Lockheed Martin ចំនួន ៤០គ្រឿង និងយុទ្ធោបរណ៍ទំនើបៗជិត ៨០មុខ ទៅប្រទេសទួរគី ដោយការជូននដំណឹងនោះ កើតមានឡើង ១ថ្ងៃបន្ទាប់ពីទីក្រុងអង់ការ៉ា បានបញ្ចប់សព្វគ្រប់នូវការផ្តល់សច្ចាប័នដល់សមាជិកភាពរបស់ប្រទេសស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ៕