
មនុស្សជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក ឥឡូវនេះ ត្រូវបានចាត់ទុកថា ធាត់លើសទម្ងន់ ជាលក្ខខណ្ឌមួយ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនូវហានិភ័យបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។ នេះបើយោងតាមការវាយតម្លៃថ្មីៗពីអង្គការសុខភាពពិភពលោក (WHO) និងក្រុមអ្នកស្រាវជ្រាវអន្តរជាតិជាច្រើន។
ការធាត់លើសទម្ងន់ កើតមានគ្រប់កន្លែង ដែលវាបានក្លាយជារឿងធម្មតាជាងការខ្វះគីឡូ (ស្គមពេក) ក្នុងប្រទេសជាច្រើន ក្នុងនោះរួមទាំងប្រទេសដែលមានចំណូលទាប និងមធ្យមផងដែរដែលពីមុនធ្លាប់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ។ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Imperial College London លោក Majid Ezzati ជាអ្នកនិពន្ធជាន់ខ្ពស់នៃសារព័ត៌មាន The Lancet កាលថ្ងៃទី២៩ ខែកុម្ភៈ បានឲ្យដឹងថា៖ «ជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលមនុស្សមួយចំនួនកំពុងរស់នៅជាមួយភាពធាត់លើសទម្ងន់»។
ការរកឃើញដែលត្រូវបានចាត់ទុកថា ជាការវាយតម្លៃឯករាជ្យដ៏គួរឲ្យទុកចិត្តបំផុតនោះ បានផ្អែកលើមនុស្សជាង ២២០លាននាក់ នៅជាង ១៩០ប្រទេស។ លោកសាស្ត្រាចារ្យ Ezzati បានបន្ថែមថា ខណៈពេលដែលអត្រាធាត់លើសទម្ងន់កំពុងកើនឡើង នៅក្នុងប្រទេសអ្នកមានជាច្រើន និន្នាការនេះក៏កំពុងកើនឡើងយ៉ាងឆាប់រហ័ស នៅកន្លែងផ្សេងផងដែរ។
ម្រមុខ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ការអនុវត្តវិធានការនានា ដូចជា ការយកពន្ធខ្ពស់លើផលិតផលជាតិស្ករ និងការលើកកម្ពស់អាហារសុខភាពតាមសាលារៀន គឺចាំបាច់ណាស់ ដើម្បីជួយដោះស្រាយអត្រាធាត់នេះ៕