
សពអ្នកនយោបាយប្រឆាំងរុស្ស៊ី លោក Alexei Navalny នឹងត្រូវបញ្ចុះនៅទីក្រុងមូស្គូ នៅល្ងាចថ្ងៃសុក្រ ចំពេលមានសន្តិសុខតឹងតែង និងការភ័យខ្លាចពីការបង្ក្រាបរបស់នគរបាល ដោយការធ្វើពិធីបញ្ចុះនេះ កើតមានឡើងក្នុងរយៈពេល ២សប្តាហ៍បន្ទាប់ពីរូបលោកបានដួលស្លាប់ភ្លាមៗ នៅវ័យ ៤៧ឆ្នាំ ក្នុងមន្ទីរឃុំឃាំង Arctic។
សម្ព័ន្ធមិត្តរបស់លោក Navalny ដែលបានសន្យាថា នឹងផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះតាមអ៊ីនធឺណិត បានចោទប្រកាន់ប្រធានាធិបតីលោក Vladimir Putin ថា បានសម្លាប់រូបលោក ដោយសារតែមេដឹកនាំរុស្ស៊ីរូបនេះ មិនអាចទទួលយកបាននូវគំនិត ក្នុងការផ្ដល់សេរីភាពដល់លោក Navalny តាមរយៈការដោះដូរអ្នកទោសដែលអាចកើតមាន។
ពួកគេមិនបានបង្ហាញបីភស្តុតាងដើម្បីគាំទ្រដល់ការចោទប្រកាន់នោះទេ ប៉ុន្តែបានសន្យាថា នឹងពន្យល់ថា តើរូបលោកត្រូវបានសម្លាប់ដោយរបៀបណា និងដោយនរណា។
វិមានក្រឹមឡាំងបានបដិសេធការជាប់ពាក់ព័ន្ធរបស់រដ្ឋ នៅក្នុងការស្លាប់របស់អ្នកទោសរូបនេះ ហើយបាននិយាយថា ខ្លួនមិនបានដឹងពីកិច្ចព្រមព្រៀងណាមួយក្នុងការដោះលែងលោក Navalny នោះទេ។ យោងតាមសម្ព័ន្ធមិត្ត សំបុត្រមរណភាពរបស់លោក បានបង្ហាញថា រូបលោកបានស្លាប់ដោយសារមូលហេតុធម្មជាតិ៕