ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ទទួលកំណើនចំនួន ៧,៧៤% ពោលពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤នេះ។
ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបការងារជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅ បានស្តាប់អំពីសំណូមពរផ្សេងៗ ដែលបានលើកឡើងដោយសមាជិក US-ABC និងបានជម្រាបជូនគណៈប្រតិភូអាម៉េរិក អំពីគោលនយោបាយថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រសហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដូចជាការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃសម្រាប់ការពារអ្នកប្រើប្រាស់ (CCF App) និង Call Center សម្រាប់សាធារណៈជនទទួលយកសេវាផ្សេងៗរបស់ក្រសួងផងដែរ។
បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា ជំនួបការងារ រវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូអាម៉េរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ដែលមានដូចជា៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន ConocoPhillips និងក្រុមហ៊ុន Visaជាដើម៕
អត្ថបទ ៖ ឈិត បូរ៉ាវី







