
យោងតាមការសិក្សាដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត អាចនឹងនាំឲ្យកើតមានបំណាក់ដី និងទឹកជំនន់ទ្រង់ទ្រាយធំ នៅតំបន់ភាគខាងត្បូងហ្វីលីពីន ។
ក្រុមអ្នកវិទ្យាសាស្រ្តអាកាសធាតុ បានពិនិត្យមើលទិន្នន័យអាកាសធាតុនៅតាមតំបន់ជាច្រើនដែលធ្លាប់ជួបគ្រោះទឹកជំនន់ នៅតំបន់ភាគខាងកើត Mindanao ដែលវាស់កម្រិតទឹកភ្លៀងអតិបរមារយៈពេល ៥ថ្ងៃ ចន្លោះខែធ្នូ និងខែកុម្ភៈ ពោលគឺពួកគេបានរកឃើញថា មានបរិមាណភ្លៀងធ្លាក់ ៥០ភាគរយច្រើនជាងកំណត់ត្រាលើកមុន ។
ស្របពេលដែលការសិក្សាមិនអាចកំណត់ដោយផ្ទាល់ថាកំណើនបរិមាណភ្លៀងធ្លាក់ខ្លាំងពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ដោយសារតែកង្វះខាតទិន្នន័យគ្រប់គ្រាន់នោះ ពួកគេនិយាយថា វាអាចបណ្តាលមកពីការឡើងកម្តៅបរិយាកាស ដែលអាចបង្កជាតិសំណើមច្រើនជាងមុននៅក្នុងខ្យល់ ។
ពួកគេបានណែនាំផងដែរឲ្យមានវិធានការតាមដានគ្រោះមហន្តរាយ នៅតំបន់ Mindanao ។
សូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីខ្យល់មូសុងវស្សាភាគឦសាន បណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើនលើកោះ Mindanao ចន្លោះខែមករា និងខែកុម្ភៈ និងបង្កឲ្យកើតមានបំណាក់ដីដែលបានសម្លាប់មនុស្ស ៩៨នាក់ ៕