
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងឆេះព្រៃស្លាប់មនុស្សដែលបានឆាបឆេះផ្ទៃដីជាង ៤០ម៉ឺនហិចតា នៅតំបន់ Panhandle រដ្ឋ Texas សហរដ្ឋអាមេរិក ដែលជាភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរដ្ឋមួយនេះ ។
យោងតាមសេចក្តីរាយការណ៍ពីសេវាកម្មរុក្ខារដ្ឋ Texas បានឲ្យដឹងថា ភ្លើងឆេះព្រៃ ៣ភាគរយប៉ុណ្ណោះ ត្រូវបានពន្លត់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ។
លោក John Nielsen-Gammon គឺជាប្រធានផ្នែកអាកាសធាតុនៅមជ្ឈមណ្ឌលអាកាសធាតុភូមិភាគត្បូងរដ្ឋ Texas និយាយថា ស្ថានភាពអាកាសធាតុស្ងួតនៅតំបន់ភាគខាងលិចរដ្ឋ Texas ងាយបង្កឲ្យមានភ្លើងឆេះព្រៃ ។
លោកបន្តថា ខ្យល់បក់ខ្លាំងគួបផ្សំនឹងខ្យល់ស្ងួតពីវាលខ្សាច់នៅភាគនិរតី បណ្តាលឲ្យភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស ៕