
លោក Avi Hyman គឺជាអ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលអ៊ីស្រាអែល បានចាត់ទុកគ្រោះថ្នាក់របស់ជនប៉ាឡេស្ទីន អំឡុងពេលចែកចាយជំនួយនៅជិតទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ថាជាសោកនាដកម្ម ហើយការចង្អុរបង្ហាញដំបូងគឺមានមនុស្សស្លាប់បណ្តាលមកពីអ្នកបើកបររថយន្តដឹកជំនួយ បើកបុកហ្វូងមនុស្សយ៉ាងច្រើនកុះករ ។
លោក Avi និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលនោះរថយន្តដឹកជំនួយជាច្រើនគ្រឿងត្រូវបានជនស៊ីវិលហ្កាហ្សាបើក រួចក៏បុកហ្វូងមនុស្សបណ្តាលឲ្យមានអ្នកស្លាប់ ប្រហែលជា ១០នាក់ ។ លោកបន្តថា ជាក់ស្តែងណាស់ថា វាគឺជាសោកនាដកម្ម ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០០ នាក់ ខណៈដែលពួកគេរង់ចាំការផ្តល់ជំនួយ ប៉ុន្តែអ៊ីស្រាអែលបានស្តីបន្ទោសការស្លាប់នោះទៅលើហ្វូងមនុស្សដែលឡោមព័ទ្ធរថយន្តជំនួយ ដោយនិយាយថាជនរងគ្រោះនោះស្លាប់ដោយសាររត់ជាន់គ្នា ឬត្រូវសង្កត់ស្លាប់ ។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១២ នាក់បានស្លាប់ និងជាង ២៨០ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនៅជិតទីក្រុងហ្កាហ្សានេះ ។ ក្រុមគ្រូពេទ្យបាននិយាយថា ពួកគេមិនអាចទប់ទល់នឹងចំនួនអ្នករបួសធ្ងន់ធ្ងរដ៏ច្រើនលើសលប់នេះបានទេ ៕