
ប្រទេសចិន នៅថ្ងៃសុក្រ (ទី១ ខែមីនា) នេះ បាននិយាយថា ខ្លួន «ថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតជនជាតិប៉ាឡេស្ទីនជាច្រើននាក់ អំឡុងពេលផ្តល់ជំនួយ នៅតំបន់ហ្កាហ្សាភាគខាងជើង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ថា៖ «ប្រទេសចិនរន្ធត់ចិត្តជាខ្លាំង ចំពោះហេតុការណ៍នេះ ហើយថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការធ្វើឲ្យបាត់បង់ជីវិតមនុស្សបែបនេះ។ យើងសូមសម្ដែងនូវការសោកសង្រេង ចំពោះជនរងគ្រោះ និងការអាណិតអាសូរ ចំពោះអ្នករងរបួសទាំងអស់»។
ទាហានអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប បានបើកការបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីនដែលកំពុងស្វែងរកជំនួយស្បៀងអាហារ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) នៅក្នុងហេតុការណ៍ដ៏ច្របូកច្របល់មួយដែលក្រសួងសុខាភិបាលនៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា បានសម្លាប់មនុស្សជាង ១០០នាក់។
តែយ៉ាងណាក្ដី មានសេចក្តីរាយការណ៍ផ្ទុយគ្នាថា តើហេតុការណ៍មុនព្រឹកព្រលឹមនេះ កើតឡើងដោយរបៀបណា។ យោធាអ៊ីស្រាអែលបាននិយាយថា «ការប្រជ្រៀតជាន់គ្នា» បានកើតឡើងនៅពេលដែលអ្នកស្រុកតំបន់ហ្កាហ្សារាប់ពាន់នាក់ បានឡោមព័ទ្ធក្បួនរថយន្តជំនួយចំនួន ៣៨គ្រឿង ទើបបាននាំឲ្យមានមនុស្សរាប់សិបនាក់ស្លាប់ និងរបួស ក្នុងនោះរួមទាំងមនុស្សមួយចំនួនដែលត្រូវបានគេជាន់ពីលើផងដែរ៕