
អគ្គរដ្ឋអាជ្ញា បាននិយាយនៅក្នុងទីក្រុងគីវកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែន បានកំណត់អត្តសញ្ញាណមនុស្សចំនួន៥១១នាក់ដែលជាប់សង្ស័យពីបទឧក្រិដ្ឋកម្មសង្រ្គាម ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ ២០២២ ហើយ៨១នាក់ ត្រូវបានកាត់ទោសរួចហើយ។
លោក Andriy Kostin បាននិយាយនៅក្នុងសន្និសិទឧក្រិដ្ឋកម្មសង្រ្គាមជាមួយអគ្គរដ្ឋអាជ្ញានៃប្រទេសប៉ូឡូញ លីទុយអានី រូម៉ានី និងប្រធានផ្នែកយុត្តិធម៌សហភាពអឺរ៉ុប (Eurojust) ។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ រដ្ឋអាជ្ញាបានប្រកាសពីការចុះហត្ថលេខាលើការបន្តរយៈពេលពីរឆ្នាំនៃការងាររបស់ក្រុមស៊ើបអង្កេតចម្រុះ ជាគំនិតផ្តួចផ្តើមដោយប្រទេសសហភាពអឺរ៉ុបចំនួន៥ ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងជម្លោះនេះ។
ប្រទេសរុស្ស៊ី បានបដិសេធថា ទាហានរបស់ខ្លួនពុំបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម បើទោះជាជម្លោះ បានសម្លាប់ជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់ ក៏ដោយ។