
លោក Elon Musk បានប្តឹងក្រុមហ៊ុន OpenAI និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ គឺលោក Sam Altman ក្នុងចំណោមអ្នកផ្សេងទៀត ដោយចោទប្រកាន់អ្នកទាំងនោះពីបទរំលោភលើការព្រមព្រៀងតាមកិច្ចសន្យាដែលត្រូវបានធ្វើឡើង នៅពេលដែលរូបលោកបានជួយរកអ្នកបង្កើតកម្មវិធីបច្ចេកវិទ្យា ChatGPT ក្នុងឆ្នាំ២០១៥។ នេះបើយោងតាមពាក្យបណ្តឹង ដែលបានដាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) នៅទីក្រុង San Francisco សហរដ្ឋអាមេរិក។
ពាក្យបណ្តឹងនេះបានរៀបរាប់ថា លោក Altman រួមជាមួយនឹងសហស្ថាបនិករបស់ក្រុមហ៊ុន OpenAI គឺលោក Greg Brockman ដំបូងឡើយបានទាក់ទងលោក Musk ដើម្បីបង្កើតប្រភពបើកចំហ (កម្មវិធីប្រើប្រាស់ទូទៅ) ជាក្រុមហ៊ុនមិនរកប្រាក់ចំណេញដែលនឹងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បី «អត្ថប្រយោជន៍មនុស្សជាតិ»។ មេធាវីរបស់លោក Musk បានលើកឡើងនៅក្នុងពាក្យបណ្ដឹងថា ក្រុមហ៊ុនដែលគាំទ្រដោយក្រុមហ៊ុន Microsoft មួយនេះ ផ្តោតលើការស្វែងរកប្រាក់ចំណេញ ដែលរំលោភលើកិច្ចព្រមព្រៀងនោះ។
យ៉ាងណាក្ដី ទាំងក្រុមហ៊ុន OpenAI ក្រុមហ៊ុម Microsoft និងលោក Musk មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters សម្រាប់ការសុំឲ្យធ្វើអត្ថាធិប្បាយ។ គួរបញ្ជាក់ថា លោក Musk បានរួមចំណែកបង្កើតក្រុមហ៊ុន OpenAI ក្នុងឆ្នាំ២០១៥ ប៉ុន្តែបានលាឈប់ពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ ក្នុងឆ្នាំ២០១៨។ លោកក៏គ្រប់គ្រងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងបានទិញក្រុមហ៊ុនបណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ក្នុងខែតុលា ឆ្នាំ២០២២៕