
បើយោងតាមប្រធានបញ្ជាការអវកាសអាមេរិក បានឲ្យដឹងថា ប្រទេសចិនកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួននៅក្នុងលំហអាកាស ជាមួយនឹង «ល្បឿនដ៏គួរឲ្យស្ញប់ស្ញែង» ដើម្បីប្រជែងជាមួយផ្កាយរណបអាមេរិកនៅក្នុងគន្លងតារាវិថី ហើយលើកកម្ពស់សមត្ថភាពរបស់ខ្លួន ក្នុងការពិនិត្យតាមដាន និងកំណត់គោលដៅកងកម្លាំងនៅលើផែនដី។
អំឡុងសវនាការរបស់គណៈកម្មាធិការកម្មវិធីប្រដាប់អាវុធព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) លោកឧត្តមសេនីយ៍ Stephen Whiting បាននិយាយថា គូប្រជែងយុទ្ធសាស្ត្រធំជាងគេរបស់អាមេរិក កំពុងស្វែងរកការអភិវឌ្ឍអាវុធយុទ្ធភណ្ឌអវកាសទំនើបៗ និងធ្វើឲ្យមានភាពជឿនលឿនលើផ្កាយរណបឧតុនិយម ការហោះហើរយានអវកាសមានអវកាសយានិក និងការរុករកអវកាសដោយមនុស្សយន្ត។
ការព្រមានរបស់លោកឧត្តមសេនីយ៍ Whiting ដែលធ្វើឡើងអំឡុងសវនាការ ស្ដីពីអាទិភាពនៃថវិកាយោធា នាពេលខាងមុខ បង្ហាញពីការយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោនចំពោះចិនថា ជាការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងសន្តិសុខដ៏ធំបំផុតរបស់ខ្លួន ពោលគឺជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលចាប់ផ្ដើមមានក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump និងត្រូវបានបន្តគាំទ្រដោយរដ្ឋបាលរបស់លោក Joe Biden។
នៅក្នុងសុន្ទរកថាដែលបានរៀបចំទុករបស់លោក លោកឧត្តមសេនីយ៍ Whiting បានរៀបរាប់ថា ទំហំផ្កាយរណបរបស់ចិន បានកើន ៣ដង គិតចាប់តាំងពីឆ្នាំ២០១៨ មក ពោលគឺឡើងដល់ ៣៥៩គ្រឿង ដោយបន្ថែមថា ផ្កាយរណបដែលទើបដាក់ពង្រាយថ្មីមួយចំនួន នឹងអាចដំណើរការជាអាវុធរំខានដល់គន្លងតារាវិថីរបស់ធនធានអវកាសអាមេរិក។ ជាមួយគ្នានេះ លោកបានបន្ថែមថា ទីក្រុងប៉េកាំងក៏កំពុងអភិវឌ្ឍ «យានហោះលឿនជាងសំឡេង» អាវុធយុទ្ធភណ្ឌអវកាសទំនើបផ្សេងទៀត ដើម្បីយកឈ្នះលើប្រព័ន្ធព្រមាន និងប្រព័ន្ធការពារមីស៊ីលបែបបុរាណ៕