
កសិករប៉ូឡូញបានតវ៉ានៅព្រំដែនជាមួយប្រទេសលីទុយអានី នៅថ្ងៃសុក្រ (ទី១ ខែមីនា) នេះ ប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា ជាការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែនឆ្លងកាត់ប្រទេសបាល់ទិកមួយនេះ ពោលគឺជាការលើកឡើងដែលទីក្រុង Vilnius បដិសេធ។
អ្នកតវ៉ាមួយក្រុមតូចៗដែលគ្រវីទង់ជាតិប៉ូឡូញ និងមានកាន់បដា បានចូលរួមជាមួយមន្ត្រីគយដែលកំពុងត្រួតពិនិត្យរថយន្តដែលកំពុងចតនៅព្រំប្រទល់ នៅច្រកឆ្លងកាត់ព្រំដែន Budzisko ប៉ុន្តែមិនបានព្យាយាមបិទផ្លូវនោះទេ។
គួរបញ្ជាក់ថា កសិករនៅទូទាំងទ្វីបអឺរ៉ុបបានធ្វើការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយប្រឆាំងនឹងរឹតបន្តឹងដែលដាក់លើពួកគេដោយបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប (EU) ដែលមានគោលបំណងដោះស្រាយបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការចំណាយខ្ពស់ និងអ្វីដែលពួកគេនិយាយថា គឺជាការប្រកួតប្រជែងមិនយុត្តិធម៌ពីខាងក្រៅសហភាពអឺរ៉ុប ជាពិសេសអ៊ុយក្រែន។
EU បានលើកលែងកូតា និងពន្ធលើការនាំចូលពីអ៊ុយក្រែន បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ដែលការសម្រេចបែបនេះ បានធ្វើឲ្យកសិករមកពីប្រទេសជិតខាងប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី ខឹងសម្បា ដោយនិយាយថា វាកាត់បន្ថយតម្លៃរបស់ពួកគេ។
កសិករប៉ូឡូញប្រកែកថា គ្រាប់ធញ្ញជាតិអ៊ុយក្រែនមួយចំនួនដែលត្រូវបាននាំយកទៅប្រទេសលីទុយអានី ក្រោយមកត្រូវបាននាំចេញវិញទៅកាន់ប្រទេសផ្សេងទៀត ក្នុងនាមជាគ្រាប់ធញ្ញជាតិអឺរ៉ុប៕