ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលជានាយកមន្ទីរពេទ្យជាតិទាំងអស់ និងប្រធានអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល, នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់នូវគោលបំណង គឺដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅមានសេសសល់ ឫអាចនឹងកើតមាន និងចែករំលែកនូវវឌ្ឍនភាពរវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ កម្រិតថ្នាក់ជាតិក្នុងការធានាឱ្យបានការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សិក្តិសិទ្ធិភាព និងសមធម៌ជូនប្រជាពលរដ្ឋ ដើម្បីឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ៗ មួយចំនួនដូចជា ៖ ១-ការគ្រប់គ្រងមន្ទីរពេទ្យជារួម ២-កិច្ចការដឹកនាំពិនិត្យ និងតាមដានគុណភាពសេវាថែទាំ និងព្យាបាល រាប់ទាំងសេវាសង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ សម្ភពនិងសង្គ្រោះទារកភ្លាមៗ ៣-កិច្ចការប្រើប្រាស់និងថែទាំសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការវិនិយោគ អភិវឌ្ឍន៍បន្ថែម ៤-ការគ្រប់គ្រងធនធានមនុស្ស និងបង្កើនសមត្ថភាពជំនាញ រួមមានការគ្រប់គ្រងបុគ្គលិក និងការងាររដ្ឋបាលទូទៅ ការពង្រឹងគុណភាពការទំនាក់ទំនងសាធារណៈ និង ៥-ការងារអធិការកិច្ច កំណែទម្រង់ សំដៅប្រសិទ្ធិភាព សុវត្តិភាព និងគុណភាពលើកគ្រប់ទិដ្ឋភាពគ្រប់គ្រង និងដឹកនាំ ជាដើម សម្រាប់អោយថ្នាក់ដឹកនាំយកមកអនុវត្ត ដើម្បីរក្សាបានការជឿទុកចិត្ត និងការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង រដ្ឋលេខាធិការ ទទួលបន្ទុកពង្រឹងគុណភាពសេវាមន្ទីរពេទ្យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងឯកឧត្តម លោក នាយកមន្ទីរពេទ្យជាតិទាំង ១០ និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន៕
អត្ថបទ រដ្ឋា





