ប៉ាឡេស្ទីន ៖ ប្រជាជនប៉ាឡេស្ទីន ដែលបានរងរបួសនៅក្នុងមហន្តរាយស្វែងរកជំនួយនៅក្នុងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ីស្រាអែល បានបាញ់មកលើពួកគេខណៈពួកគេប្រញាប់ប្រញាល់ទៅទទួលយកស្បៀងអាហារសម្រាប់គ្រួសារ ដោយរៀបរាប់ទិដ្ឋភាពនោះថាជាភេរវកម្ម និងជាភាពចលាចល។ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សចំនួន ១១៥ នាក់ ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃព្រហស្បតិ៍ ដោយសន្មតថា ការស្លាប់ពលរដ្ឋប៉ាឡេស្ទីន គឺដោយសារការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល និងបានចាត់ទុករឿងនេះថាជាការសម្លាប់រង្គាល។ខាងអ៊ីស្រាអែល បានជំទាស់ទៅនឹងតួលេខអ្នកស្លាប់ទាំងនេះ ហើយបាននិយាយថា ជនរងគ្រោះភាគច្រើន ស្លាប់ដោយសារប្រជ្រៀតគ្នា ឬរត់ជាន់គ្នា។ ទោះជាយ៉ាងណា មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា ទាហានបានបាញ់ព្រមានទៅលើអាកាស ហើយក្រោយមក បានបាញ់ទៅលើអ្នកទាំងឡាយណាដែលមិនព្រមចាកចេញ ហើយត្រូវបានមើលឃើញថាជាការគំរាមកំហែង។ ឧបទ្ទវហេតុនេះ បានបញ្ជាក់ពីការដួលរលំនៃការបែងចែកជំនួយតាមរបៀបរៀបរយនៅក្នុងតំបន់ហ្កាហ្សា ដែលកាន់កាប់ដោយកងកម្លាំងអ៊ីស្រាអែល ដោយពុំមានការគ្រប់គ្រងច្បាស់លាស់ ហើយទីភ្នាក់ងារធំរបស់អង្គការសហប្រជាជាតិ UNRWA ត្រូវបានរឹតត្បិតដោយការស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធជាមួយក្រុមហាម៉ាស តាមដែលត្រូវបានចោទប្រកាន់។ សាក្សីបួននាក់ បាននិយាយនៅមន្ទីរពេទ្យ Al-Shifa នៅទីក្រុងហ្កាហ្សា ក្នុងវីដេអូថា ពួកគេត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែល ដោយមួយចំនួនរៀបរាប់អំពីរថក្រោះ និងយានដ្រូនប្រដាប់អាវុធ បានជាប់ពាក់ព័ន្ធ។ លោក Mahmoud Ahmad បាននិយាយថា ភាពអត់ឃ្លាន បានបង្ខំលោកប្រថុយទៅនឹងក្បួនរថយន្តនៅលើផ្លូវដឹកជញ្ជូន ដោយសង្ឃឹមថានឹងទទួលបានម្សៅសម្រាប់កូនៗរបស់លោក។ លោក និយាយថា រថក្រោះ និង យានដ្រូន បានចាប់ផ្តើមបាញ់ប្រហារទៅលើហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នា ជាអ្នកដែលទៅយកស្បៀងអាហារសម្រាប់ខ្លួនឯង និងកូនៗរបស់ពួកគេ។

