ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រកាសបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ពិធីនេះ រៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីបរិស្ថាន តំណាងរោងចក្រ សហគ្រាស និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងឱកាសនោះ ឯករដ្ឋមន្រ្តីបានថ្លែងថា ទឹកស្អាតជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយស្របនឹងឃ្លាដែលបានលើកឡើងនេះ ក្រសួងបរិស្ថានបានឈានមួយជំហានឆ្ពោះទៅការទប់ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត។ម្យ៉ាងវិញទៀតក៍បានការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជា ត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹក ជាច្រើនទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអំពាវនាវ និងជំរុញដល់រោងចក្រ សហគ្រាសទាំងអស់ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការបំពុលទៅក្នុងបរិស្ថាន តាមរយៈការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសលើការបង្ហូរកាកសំណល់ចេញ មុនការអនុវត្តច្បាប់ជាកាតព្វកិច្ច។
ជាការឆ្លើយតប បណ្តារោងចក្រ សហគ្រាស បានគាំទ្រនឹងវិធានការតម្រូវឱ្យបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលបានដាក់ចេញនេះ។លើសពីនេះ ពួកគេបានស្នើសុំឱ្យក្រសួងបរិស្ថាន ពិនិត្យ និងសម្រួលលើបញ្ហាតម្លៃបំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ផងដែរ ដើម្បីជំរុញឱ្យការវិនិយោគរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវនៅក្នុងសង្គម៕
គួរបញ្ជាក់ដែរថា យុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅតាមរោងចក្រ សហគ្រាស បានធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន ទទួលបាន ជោគជ័យក្នុងជំហានទី១ នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានអ្នកចូលរួមគាំទ្រជាច្រើនលាននាក់៕ អត្ថបទ៖ទូច សោភ័ណ








