ប្រេស៊ីល ៖ ការកើនឡើងខ្លាំងនៃចំហេះព្រៃនៅក្នុងរដ្ឋ រ៉ូរ៉ៃម៉ា(Roraima) ភាគខាងជើងផុត របស់ប្រទេសប្រេស៊ីលកំពុងគំរាមកំហែងដល់ជនជាតិដើមភាគតិច និងបង្កការព្រួយបារម្ភជាថ្មីនៃគ្រោះមហន្តរាយនៅក្នុងព្រៃទឹកភ្លៀងតំបន់អាម៉ាហ្សូន បន្ទាប់ពីមានទិន្នន័យនៃការកាប់បំផ្លាញព្រៃឈើកើនឡើងជាច្រើនខែមកនេះ។
នៅក្នុងភូមិ ណូវ៉ូ ប៉ារ៉ៃសូ(Novo Paraiso) មេដឹកនាំជនជាតិដើមភាគតិចនៃសហគមន៍ ទូសាអួរ ឡូរ៉ែតា(Tuxaua Loreta) បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេព្រួយបារម្ភការបាត់បង់ដីចំការដំឡូងមី ដែលជាដំណាំសំខាន់បំផុតរបស់ជនជាតិដើមភាគតិច។
អ្នកភូមិម្នាក់ឈ្មោះ Loreta បានព្រមានថា ចំហេះព្រៃកំពុងឆេះបំផ្លាញព្រៃឈើ ហើយបានអំពាវនាវឱ្យជួយពន្លត់ភ្លើងព្រៃ ដែលបានឆេះព្រៃទំហំជាងប្រាំគីឡូម៉ែត្រ។
ក្នុងរយៈពេលត្រឹមតែពីរខែនៃឆ្នាំ ២០២៤នេះ វិទ្យាស្ថានជាតិស្រាវជ្រាវ បានកំណត់ថាចំហេះព្រៃចំនួន ២.៦០៦លើក កើតឡើងនៅក្នុងរដ្ឋ Roraima បើប្រៀបធៀបកាលពីឆ្នាំ២០២៣ កើតឡើងចំនួន ២.៦៥៩លើក។
នៅក្នុងខែកុម្ភៈតែមួយខែ មានការផ្ទុះឡើងចំហេះព្រៃយ៉ាងហោចណាស់ ២.០០២លើក នៅក្នុងរដ្ឋ Roraima ជាកំណត់ត្រាខ្ពស់។

