ហៃទី ៖ ប្រទេសកេនយ៉ា និងហៃទី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីថ្ងៃសុក្រ ដែលទីក្រុង ណៃរ៉ូប៊ី សង្ឃឹមថានឹងធ្វើឲ្យមានភាពត្រឹមត្រូវចំពោះការជំទាស់របស់តុលាការក្នុងស្រុក នូវផែនការរបស់ខ្លួនក្នុងការបញ្ជូនមន្ត្រីនគរបាលចំនួន ១.០០០នាក់ ដើម្បីដឹកនាំបេសកកម្មដែលត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងដោះស្រាយអំពើហឹង្សាក្រុមជនអន្ធពាល នៅក្នុងប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។
ប្រទេសកេនយ៉ា បានប្រកាសផែនការនេះកាលពី ខែ កក្កដា ឆ្នាំមុន ដើម្បីដឹកនាំបេសកកម្មទៅកាន់ប្រទេសហៃទី ជាកន្លែងដែលក្រុមជនអន្ធពាល គ្រប់គ្រងភាគច្រើននៅក្នុងរដ្ឋធានី ហើយប្រជាជន ជិត ៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សាកាលពីឆ្នាំមុន។ ប៉ុន្តែ តុលាការជាន់ខ្ពស់របស់ប្រទេសកេនយ៉ា បានចេញសេចក្តីសម្រេចថា ការដាក់ពង្រាយកងកម្លាំង ដែលត្រូវបានរំពឹងទុកកាលពីពេលដំបូងនៅក្នុងខែមករា គឺមិនស្របទៅតាមរដ្ឋធម្មនុញ្ញនោះទេ ។
ប្រទេសហៃទី បានស្នើសុំជំនួយកាលពីឆ្នាំ ២០២២ នៅពេលដែលអំពើហិង្សាបានកើនឡើង ប៉ុន្តែមិនអាចស្វែងរកប្រទេសដែលមានបំណងដឹកនាំបេសកកម្មនេះបាន។
រដ្ឋាភិបាលប្រទេសជាច្រើន បានប្រុងប្រយ័ត្នក្នុងការចូលធ្វើអន្តរាគមន៍ ដើម្បីគាំទ្រដល់រដ្ឋបាលរបស់លោក Henry នៅក្នុងប្រទេសមួយ ដែលបេសកកម្មកាលពីពេលមុនៗ ត្រូវបានរួមរឹតដោយការរំលោភបំពានសិទ្ធិមនុស្ស។

