សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបង់ប្រាក់ចំនួន ៥០ លានអឺរ៉ូ (៥៤លានដុល្លារ) ដល់អ្នកផ្តល់ជំនួយដ៏សំខាន់ នៅក្នុងតំបន់ហ្កាហ្សា នៅសប្តាហ៍ក្រោយ បន្ទាប់ពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលជាប់គាំងលុយកាក់ បានយល់ព្រមអនុញ្ញាតឲ្យអ្នកជំនាញដែលតែងតាំងដោយសហភាពអឺរ៉ុប ធ្វើសវនកម្មលើវិធី ដែលខ្លួនពិនិត្យបុគ្គលិក ដើម្បីកំណត់អត្តសញ្ញាណក្រុមជ្រុលនិយម។
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) កំពុងតែរំជើបរំជួលពីការចោទប្រកាន់ថា បុគ្គលិក ១២នាក់ក្នុងចំណោមបុគ្គលិកនៅហ្កាហ្សារបស់ខ្លួនចំនួន ១៣.០០០នាក់ បានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ទីភ្នាក់ងារនេះ បានបណ្តេញនិយោជិត ប៉ុន្តែប្រទេសជាច្រើនបានផ្អាកការផ្តល់មូលនិធិដែលមានតម្លៃប្រហែល ៤៥០លានដុល្លារ ដែលស្ទើរតែពាក់កណ្តាលនៃថវិកាសម្រាប់ឆ្នាំ ២០២៤។
សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានជំរុញ ៨០ភាគរយនៃប្រជាជននៅតំបន់ហ្កាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីន២.៣លាននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា មួយភាគបួននៃប្រជាជនកំពុងស្រេកឃ្លាន។ ទីភ្នាក់ងារនេះ គឺជាអ្នកផ្គត់ផ្គង់អាហារ ទឹក និងទីជម្រកដ៏សំខាន់ ប៉ុន្តែវាក៏ស្ថិតក្នុងស្ថានភាពនៃការដួលរលំផ្នែកហិរញ្ញវត្ថុផងដែរ។
គណៈកម្មាធិការអ៊ឺរ៉ុប បានគ្រោងនឹងផ្តល់ប្រាក់ចំនួន ៨២លានអឺរ៉ូ (៨៩ លានដុល្លារ) ដល់ UNRWA នៅថ្ងៃទី ២៩ខែកុម្ភៈ ប៉ុន្តែចង់ឲ្យទីភ្នាក់ងារនេះ ទទួលយកលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការធ្វើសវនកម្ម។ សាខាប្រតិបត្តិដ៏មានឥទ្ធិពលរបស់សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយធំជាងគេទីបីដល់ UNRWA បន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។

