ប៉ាឡេស្ទីន ៖ ជនភៀសខ្លួនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅនៅក្នុងទីក្រុងរ៉ាហ្វា(Rafah) ព្រំដែនភាគខាងត្បូងនៃតំបន់ ហ្កាហ្សា កំពុងប្រឈមមុខនឹងបញ្ហាអនាម័យ និងសុខភាពកាន់តែកើនឡើង ដោយសារជំរំជនភៀសខ្លួនពោរពេញដោយទឹកកខ្វក់ និងកាកសំណល់រឹង ដោយសារបញ្ហាចង្អៀតណែន និងហេដ្ឋារចនាសម្ព័ន្ធជាប់គាំងដែលបណ្តាលមកពីការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល។
ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតែបន្តកើតមាន ប្រជាជននៅតំបន់ហ្កាហ្សា ត្រូវបានបង្ខំឲ្យបន្តភៀសខ្លួនទៅភាគខាងត្បូង ដើម្បីគេចពីការវាយលុករបស់អ៊ីស្រាអែល ហើយទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត នៅក្នុងដែនដីនេះ បានក្លាយជាកន្លែងនៃក្តីសង្ឃឹមចុងក្រោយរបស់ពួកគេ។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ចាប់ពីដើមខែកុម្ភៈ ចំនួនប្រជាជននៃទីក្រុងរ៉ាហ្វា បានកើនដល់ប្រមាណ ១,៥លាននាក់ ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ពីចំនួនប្រជាជនដើមចំនួន ២៥០.000នាក់។ ជាលទ្ធផល ទីក្រុងរ៉ាហ្វា និងតំបន់ជុំវិញរបស់ខ្លួន ត្រូវពោរពេញដោយជនភៀសខ្លួន ដែលនាំឲ្យជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ កាន់តែយ៉ាប់យ៉ឺន។
ជំរំជនភៀសខ្លួនដ៏ធំទូលាយមួយនៅទីក្រុងរ៉ាហ្វា ដែលបច្ចុប្បន្នមានប្រជាជនប៉ាឡេស្ទីនប្រមាណ ៧0.០០០នាក់ ដែលភៀសខ្លួនស្នាក់នៅក្នុងតង់ចំនួន ១៥.000 បានមើលឃើញពីការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃជីវភាពរស់នៅជាមួយនឹងការគ្រប់គ្រងកាកសំណល់មិនបានល្អ ដោយសារតែលំហូរជនភៀសខ្លួនយ៉ាងច្រើន និងការខូចខាត បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ អំឡុងពេលវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

