
កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ត្រូវបានដាក់ពង្រាយទៅកាន់ដែនដី Yanomamis ដើម្បីពន្លត់ភ្លើងឆេះព្រៃ និងការពារដែនដីជនជាតិភាគតិច ពីការរងគ្រោះធ្ងន់ធ្ងរជាងនេះ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីវិទ្យាស្ថានបរិស្ថាន និងធនធានធម្មជាតិកកើតថ្មីប្រេស៊ីល បានកាប់ដើមឈើ ដើម្បីរារាំងការរីករាលដាលនៃភ្លើងឆេះព្រៃ ។
រដ្ឋភាគខាងជើង Roraima របស់ប្រស៊ីល បានរងគ្រោះខ្លាំងដោយសារភ្លើងឆេះព្រៃ គំរាមកំហែងដល់ជនជាតិភាគតិចរស់នៅក្នុងដែនដី Yanomami ក៏ដូចជាបង្កក្តីបារម្ភដល់គ្រោះថ្នាក់ក្នុងព្រៃជប់ភ្លៀងអាម៉ាហ្សូន ។
នៅក្នុងភូមិ Novo Paraisoមេដឹកនាំជនជាតិដើមភាគតិចនៃសហគមន៍ Tuxaua Loreta បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេព្រួយបារម្ភការបាត់បង់ដីចំការដំឡូងមី ដែលជាដំណាំសំខាន់បំផុតរបស់ជនជាតិដើមភាគតិច ។
អ្នកភូមិម្នាក់ឈ្មោះ Loreta បានព្រមានថា ភ្លើងឆេះព្រៃកំពុងបំផ្លាញព្រៃឈើ ហើយលោកបានអំពាវនាវដល់ក្រុមអាជ្ញាធរឲ្យជួយពន្លត់ភ្លើងព្រៃ ។
ក្នុងរយៈពេលត្រឹមតែ ២ខែនៃឆ្នាំ ២០២៤នេះ វិទ្យាស្ថានជាតិស្រាវជ្រាវ បានកំណត់ថា ភ្លើងឆេះព្រៃចំនួន ២.៦០៦លើក បានកើតឡើងនៅក្នុងរដ្ឋ Roraima បើប្រៀបធៀបកាលពីឆ្នាំ២០២៣ កើតឡើងចំនួន ២.៦៥៩លើកប៉ុណ្ណោះ ៕