
សហរដ្ឋអាមេរិក បានធ្លាក់ជំនួយមនុស្សធម៌ពីលើអាកាសជាលើកដំបូងសម្រាប់តំបន់ហ្កាហ្សាស្រ្ទីប ។ យន្តហោះយោធា ៣គ្រឿង បានទម្លាក់ជំនួយតាមឆ័ត្រយោងចំនួន ៣ម៉ឺន ។
ប្រតិបត្តិការដែលធ្វើឡើងរួមគ្នាជាមួយកងទ័ពអាកាសហ៊្សកដានីនេះដែរ គឺជាជំនួយលើកដំបូងក្នុងចំណោមជំនួយជាច្រើនទៀតដែលត្រូវបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។
លោក Biden បានសន្យាថា នឹងបង្កើនជំនួយ ក្រោយមនុស្សយ៉ាងហោច ១១២នាក់ បានស្លាប់ ពេលដែលហ្វូងមនុស្សសម្រុកចូលក្បួនរថយន្តកាលពីថ្ងៃព្រហស្បតិ៍ ។
ការទម្លាក់ជំនួយនេះដែរ បានកើតមានឡើង ក្រោយមន្រ្តីកំពូលសហរដ្ឋអាមេរិកម្នាក់ និយាយថា ផែនការសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៦សប្តាហ៍ នៅតំបន់ហ្កាហ្សា បានធ្វើឡើង ។
គួរឲ្យដឹងថា យន្តហោះជាច្រើនគ្រឿង បានទម្លាក់ជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ភាគខាងជើងហ្កាហ្សា កាលពីថ្ងៃសុក្រ ។
លំហូរនៃជំនួយចូលក្នុងតំបន់ហ្កាហ្សា ពីប្រទេសអេហ្ស៊ីប បានថយចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ខ្លួនពុំបានរារាំងជំនួយនោះទេ ហើយបានបន្ទោសអង្គការសហប្រជាជាតិ និងភាគីប៉ាឡេស្ទីន ចំពោះការពន្យារពេលជំនួយណាមួយ ។
ប្រទេសហ្ស៊កដានី ដែលអង្គការសហប្រជាជាតិ និងម្ចាស់ជំនួយប្រទេសលោកខាងលិច បានប្រែក្លាយទៅជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផ្គត់ផ្គង់មនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា បានហោះហើរចំនួន ៤លើកជាលើកដំបូង រួមជាមួយកងទ័ពបារាំង ដើម្បីទម្លាក់ស្បៀងអាហារដល់ជនភៀសខ្លួនរាប់ម៉ឺននាក់ ដែលកំពុងស្នាក់នៅក្នុងទីជម្រកនៅតំបន់ឆ្នេរសមុទ្រ ៕