
យោងតាមការអះអាងរបស់រដ្ឋាភិបាលយេម៉ែនទទួលស្គាល់ដោយអន្តរជាតិ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នាវាដឹកទំនិញ Rubymar បច្ចុប្បន្នបានលិចហើយ ក្រោយរងការវាយប្រហារដោយមីស៊ីលក្រុមឧទ្ទាមហ៊ូទីកាលពីខែមុន ។
បើសិនជាបានបញ្ជាក់ផ្ទៀងផ្ទាត់ វានឹងក្លាយជាការបាត់បង់នាវាពាណិជ្ជកម្មលើកដំបូងគេ ចាប់តាំងពីក្រុមជីវពលហ៊ូទី ចាប់ផ្តើមមានគោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្មកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយេម៉ែន បាននិយាយថា នាវាមួយគ្រឿងនេះ បានលិចនៅតំបន់ភាគខាងត្បូងសមុទ្រក្រហមកាលពីយប់ថ្ងៃសុក្រ ហើយពួកគេបានព្រមានពីគ្រោះថ្នាក់ដល់បរិស្ថាន ។ នាវាមួយគ្រឿងនេះ បានដឹកជីកសិកម្មទម្ងន់ ២២.០០០តោន ។
សូមបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្មជាច្រើន បានប្តូរទិសដៅធ្វើដំណើរនាវារបស់ពួកគេ បន្ទាប់ពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី ដែលគ្រប់គ្រងតំបន់ភាគច្រើននៅយេម៉ែន ស្របពេលដែលក្រុមជីវពលមួយនេះ និយាយថា ពួកគេធ្វើរឿងបែបនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ក្រោយអ៊ីស្រាអែល និងក្រុមហាម៉ាស់ បង្កសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ៕