
មនុស្សរាប់ពាន់នាក់ បានរួសរាន់ធ្វើដំណើរទៅកាន់រថយន្តដឹកម៉្សៅនៅទីក្រុងហ្កាហ្សា កាលពីថ្ងៃសៅរ៍ម្សិលមិញ ។
វីដេអូដែលទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅសង្កាត់ Al Zaytun ឃើញពលរដ្ឋហ្កាហ្សា ឡើងលើរថយន្ត ដើម្បីលីបាវម៉្សៅ ។
គួរឲ្យដឹងថា ការចែកចាយជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ជាពិសេសនៅតំបន់ភាគខាងជើង កម្រកើតមានខ្លាំងណាស់ ស្របពេលមានករណីលួច ការគ្មានច្បាប់ទម្លាប់ និងភាពអាណាធិបតេយ្យ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ធ្វើឲ្យអសន្តិសុខដល់ក្រុមការងារផ្តល់ជំនួយទៅកាន់តំបន់នោះ ។
មនុស្សជាង កន្លះលាននាក់នៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស ។
មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា មនុស្សយ៉ាងហោចណាស់ ៥៧៦.០០០នាក់ នៅតំបន់ហ្កាហ្សា ស្មើនឹង ១ភាគ ៤នៃចំនួនប្រជាជនតំបន់ហ្កា បានឈានមួយជំហានចេញពីគ្រោះទុរ្ភិក្ស ដោយព្រមានថាគ្រោះទុរ្ភិក្សរីករាលដាល ស្ទើរតែជៀសមិនរួច ប្រសិនបើគ្មានសកម្មភាពជំនួយណាមួយទេនោះ ៕