
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៤នេះបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ យ៉ាងច្រើនកុះករ បាននាំគ្នាមកទទួលស្វាគមន៍ និងគាំទ្រចំពោះដំណើរអញ្ជើញរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅលើទឹកដីទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។
ខណៈនាថ្ងៃនេះនៅវេលាម៉ោង ៤.៣០ រសៀល នៅទីក្រុងមែលប៊ន (ត្រូវនឹងម៉ោង១២.៣០ រសៀល នៅភ្នំពេញ) សម្តេចមហាធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតនឹងជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ផងដែរ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្រ្តីអូស្រ្តាលី សម្តេច
មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០
នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី។
កិច្ចប្រជុំកំពូលពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្រា្តលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។
ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕







