ភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់ ខូចចិត្តបានបើករថយន្តខ្លួនឯង គោលបំណងមកលោតទឹកសម្លាប់ខ្លួន តែត្រូវបានកូនប្រុសមានការសង្ស័យជិះម៉ូតូតាមពីក្រោយ រហូតមកដល់ចំណុចលើស្ពានជ្រោយចង្វារចាស់ បំរុងលោត កូនប្រុសបានរាយការណ៍នគរបាលនៅប្រចាំគោលដៅស្ពាន ឡើងមកជួយទាន់ពេល។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលការពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចចុងស្ពានជ្រោយចង្វារចាស់ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីចំណាស់ម្នាក់ បានបើករថយន្តម៉ាក Lexus RX300 ពណ៌ស កាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1842 ចេញពីផ្ទះនៅម្ដុំគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ គោលបំណងឡើងមកលើស្ពានជ្រោយចង្វារចាស់ លោតទឹកសម្លាប់ខ្លួន តែត្រូវបានកូនប្រុសជិះម៉ូតូ តាមពីក្រោយរហូត បានរាយការណ៍ជូនសមត្ថកិច្ចនៅប្រចាំគោលដៅជួយម្ដាយទាន់ពេលវេលា។
យោងសម្តីរបស់ស្រ្តីចំណាស់ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បានយំរៀបរាប់ថា មូលហេតុដែលគាត់គិតខ្លីបែបនេះ មូលហេតុដោយសារតែមានទំនាស់ក្នុងក្រុមគ្រួសារជាមួយប្ដី ដោយអះអាងថាប្ដីរបស់គាត់មានស្រីនៅខាងក្រៅ ធ្វើបាបចិត្តគាត់ ដូច្នេះក៏ខូចចិត្ត គិតអ្វីមិនចេញបានជិះរថយន្ត គោលបំណងមកលោតទឹក តែត្រូវបានកូនៗ តាមមកទាន់ចាប់ដាក់ចូលរថយន្តរួចត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ៖ កុម្ភះ




